រថយន្តដឹកអេតចាយជាច្រើនគ្រឿងបើកបំផ្លាញផ្លូវនៅច្រកតំបន់ក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានផ្លូវជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំឆ្ពោះមកកាន់ច្រកតំបន់ក្រសាំងជ្រំ ជាប់នឹងព្រំដែនវៀតណាម ស្ថិតក្នុងឃុំគ្រួស កំពុងត្រូវបំផ្លាញខូចស្ទើរតែទាំងស្រុង ដែលមានជង្ហុក ក្រលុក ធំៗ មានទឹកដក់ ខណៈដែលមានរថយន្តធុនយក្សដឹកដែកអេតចាយ ជាច្រើនគ្រឿងបើកឆ្លងកាត់ ទំនងជាមានការបង់លុយកាក់ ឲ្យសមត្ថកិច្ចជំនាញអស់ហើយ ។

បើតាមពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ឲ្យដឹងថា៖ កន្លងមកផ្លូវមកកាន់ច្រកតំបន់ មានភាពល្អប្រសើរ ដែលងាយស្រួលក្នុងការធ្វើដំណើរ ទាំងដឹក កសិផល មកកាន់ទីផ្សារ ប៉ុន្តែមួយរយៈនេះ គេសង្កេតឃើញមានការដឹក អេតចាយពីសំណាក់ក្បួនរថយន្តដឹកដែកអេតចាយ សម្រុកទាំងយប់ ទាំងថ្ងៃ មិនខ្វល់ពីការខូចផ្លូវនោះឡើយ។

ពលរដ្ឋរស់នៅតំបន់នោះ សំណូមពរដល់ស្ថាប័នជំនាញទាំងអស់ ដែលមានការពាក់ព័ន្ធ មេត្តាជួយចុះមកមើលផ្លូវមួយនេះផង បើមិនដូច្នេះទេ ផ្លូវមកកាន់ច្រកតំបន់ក្រសាំងជ្រំនេះ កុំថាឡើយជិះម៉ូតូ សូម្បីតែជិះកង់មិនរួចផងបាទ ។

ពលរដ្ឋបន្តទៀតថា ៖ រាល់ការដឹករបស់ក្រុមរថយន្តធុនយក្សនោះ បើសិនមានការថ្លឹងត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែការដឹករបស់ពួកគាត់ មើលទៅហាក់បីដូចមិនធម្មតា ពោលគឺរថយន្តមានបណ្តោយវែង ដាក់ខ្ពស់ផុតដំបូល ជិត២ម៉ែត្រឯណោះ ហើយមានធ្លាក់ដែកអេតចាយ បន្សល់ឲ្យអ្នកបើកឡានម៉ូតូ កង់ឆ្លងកាត់ និងកិនពីលើលេងផងដែរ។

តាមប្រភពពីមន្ត្រីប្រចាំនៅទីនោះ បានឲ្យដឹងថា ៖ រថយន្តធុនយក្សទាំងនោះ បានសម្រុកមកតាមច្រកតំបន់ក្រសាំងជ្រំនេះបាន២ថ្ងៃហើយ ដើម្បីសាងទំនិញពីដីខ្មែរ ចូលដីវៀតណាម ហើយក្រុមរថយន្តដឹកអេតចាយទាំងអស់នោះ បានបង់ឲ្យសមត្ថកិច្ចជំនាញទាំងអស់ មាន នគរបាលការពារព្រំដែនក្រសាំងជ្រំ ចំនួន១៥០០០រៀល យោធាការពារព្រំដែន និងកាំងកុងត្រូលចំនួន៥ម៉ឺនរៀល សម្រាប់បាយទឹក ផងដែរ។

ពាក់ពន្ធ័នឹងករណីខាងលើនេះ នគរវត្តមិនអាចសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍ការពារព្រំដែនក្រសាំងជ្រំបាននោះទេ ព្រោះមិនមានលេខទូរសព្ទ័? ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print