ស្រ្ដី២នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតបុកទទួលរងរបួសធ្ងន់

ចែករំលែក៖

កណ្ដាលៈ ស្រ្ដី២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងបើកបុកពេញមួយទំហឹង នៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះរងបួសធ្ងន់២នាក់ ទី១-ឈ្មោះ គីង សាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ជិះម៉ូតូម៉ាក ហុងដាវ៉េវ ធុនសេ១០០ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9139 និងទី២-ឈ្មោះ ខឹម សុផា ភេទស្រី អាយុ៥៤ឆ្នាំ ។ ស្រ្ដីរងគ្រោះទាំង២នាក់មានទីលំនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកម៉ូតូភាគីម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កណ្ដាល 1I-4227 ជិះដោយឈ្មោះ អ៊ុក វុទ្ឋី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល (របួសស្រាល) ។

ប្រជាពលរដ្ឋ​បន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីមជិះដោយឈ្មោះ អ៊ុក វុទ្ឋី ធ្វើដំណើរក្នុងទិសដៅជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវ ជិះដោយស្រ្ដី២នាក់ខាងលើ ជិះចេញពីផ្លូវលំឆ្លងចូលទៅផ្លូវបេតុង ដោយពុំមើលឆ្វេងស្ដាំនោះទេ ជាហេតុធ្វើឲ្យម៉ូតូហុងដាឌ្រីមដឹកត្រីជិះបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះទាំង២នាក់ទទួលរងរបួសធ្ងន់ រីឯបុរសជាអ្នកជិះម៉ូតូហុងដាឌ្រីមរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីស្រ្ដីរងគ្រោះជាអ្នកជិះម៉ូតូម៉ាកហុងដាវ៉េវ ជិះដោយខ្វះការប្រុងប្រយ័ត្ន មុននឹងជិះចូលផ្លូវមួយទៀត ដោយពុំមិនមើលមុខមើលក្រោយ ។ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ជិះក្នុងល្បឿនលឿន ខណៈដល់ផ្លូវបំបែក ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print