កីឡាករខ្មែរឥស្លាម សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១គ្រឿងទៀតជូនជាតិ លើវិញ្ញាសាម៉ូតូទឹក Ski Modified ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្មោះសាលី អ៊ូមើត ជនជាតិខ្មែរឥស្លាម បានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតជូនជាតិមាតុភូមិ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបានដណ្ដើមមេដាយមាស ១គ្រឿងទៀតជូនជាតិ លើវិញ្ញាសា Ski Modified ដែលទើបបញ្ចប់ការ ប្រកួត នៅព្រឹកថ្ងៃសៅរ៏ ១៤កើត ខែស្រាពណ៏ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ សីហា ឆ្នាំ ២០១៨នេះ បន្ទាប់ពីកីឡាកររូបនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងរួចទៅហើយលើវិញ្ញាសា Runabout 1100 Stock នាព្រឹកដដែលនេះ។

លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា និង ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបង្ហាញនូវមោទកភាពយ៉ាងក្រៃលែង និងសុទិដ្ឋិនិយមចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តដែលកម្ពុជាបានទទួល មេដាយមាស១គ្រឿង លើវិញ្ញាសារ Ski Modified នេះ រួមទាំងមេដាយសំរឹទ្ធ ១គ្រឿងរួចលើវិញ្ញាសា Runabout 1100 Stock ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី ។

លោកបន្តថា ៖ លទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តនេះ កកើតឡើងដោយកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពអត់ធ្មត់របស់កីឡាករកម្ពុជា ជាមួយនឹងក្របខណ្ឌបច្ចេកទេសយ៉ាងម៉ត់ចត់ ខណៈ កីឡាករ លោក សាលី អ៊ូមើត ជាកីឡាករប្រកបដោយធនធាននិងជំនាញ ដែលមានសក្តានុពលក្នុងកម្រិតពិភពលោក ដែលធ្លាប់បានខំប្រឹងហ្វឹកហាត់ និងអនុវត្តផ្ទាល់ក្នុងការប្រកួតផ្សេងៗលើឆាកអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ ។

ប្រធានសហព័ន្ធម៉តូទឹកកម្ពុជា ដែលទើបតែបង្កើតឡើងអំឡុងពេល១ឆ្នាំនេះតែប៉ុណ្ណោះ ក៏បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យកីឡា ហើយជោគជ័យទាំងអស់កកើតឡើងដោយសារតែយើងទទួលបានការគាំទ្រ ការផ្តល់កម្លាំងចិត្ត និង ផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងជាទីបំផុតពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ។

លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា៖ ទីបំផុតក្តីសុបិនរបស់ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ក្លាយជាការពិតដែលប្រកួតតំណាងឲ្យជាតិ នាំមកនូវជ័យជំនះ ដ៏ធំធេងក្នុងឆាកអន្តរជាតិ ។ តាមការបញ្ជាក់ពីឯកឧត្តមអគ្គលេខាធិការបានអោយដឹងថា នេះគឺជាមេដាយមាសទី២ ហើយ ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងបេសកកម្មប្រកួតកីឡា Asian Games ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីវ័យក្មេង ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីម្សិលមិញ ។ ប៉ុន្ដែសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print