ខេត្តរតនគិរីៈ សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងកែច្នៃឈើប្រណីតមួយកន្លែងដោយមានការដឹកនាំពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ឈើទាំងនោះត្រូវបានគេដឹងថា ជាប្រភេទឈើធ្នង់ដែលគេបានច្រៀកទៅតាមខ្នាតកម្ម៉ង់ហើយជារឿយៗគេតែងតែឃើញប្រភេទឈើបែបនេះត្រូវបានគេលួចដឹកទៅប្រទេសវៀតណាមតាមរថយន្តទំនើបៗ ឫរថយន្តប្រភេទសាំយ៉ុងជាដើម។
លោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ភ្លាមៗបានបញ្ជាក់ថា ការសន្និដ្ឋានឈើខាងលើនេះម្ចាស់បទល្មើសនិងត្រូវពិន័យអន្តរកាល។ ចំណែកម្ចាស់ផ្ទះការសម្រេចស្ថិតលើស្ថាប័នតុលាការ។
ចំណែកលោកហុង វណ្ណរាន ឲ្យដឹងថាការចុះបង្ក្រាបទទួលបានលទ្ធផលមានប្រភេទឈើធ្នង់សុទ្ធ ដែលមិនទាន់វាស់វែងចំនួន៤រ៉ឺម៉ក និងរឹបអូសវត្ថុតាងរួមមានតាបឈូសប្រើម៉ូទ័រកម្លាំង៣ហ្វា១គ្រឿង និងម៉ាស៊ីនខ្វៀលឈើពាក់កណ្តាលស្វ័យប្រវត្តិមួយគ្រឿង។
ការចុះបង្ក្រាបនោះអ្នកស្តុកឈើប្រណីតមិនត្រូវបានចាប់ខ្លួនភ្លាមៗនោះទេ ដោយឡែកម្ចាស់ផ្ទះជាភារកិច្ចរបស់ស្ថាប័នតុលាការ។ បច្ចុប្បន្នវត្ថុតាង រួមទាំងឈើត្រូវគេយករក្សាទុកនៅកន្លែងសុវត្ថិភាពខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។