ឃាត់ខ្លួនមុខសញ្ញាជួយដូរគ្រឿងញៀនរួមទាំងវត្ថុតាង នៅឃុំឈើតុំ ស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការគ្នាចុះបង្រ្កាបមុខសញ្ញាជួយដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះដកហូតនូវវត្ថុតាងរួមទាំងសម្ភារៈផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃពុធ ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចស្ពានផ្សារបំណក់ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យថា មុខសញ្ញាជាជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ រ៉ាត់ ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនម្នាក់ក្នុងបន្ទុកគ្រួសារ ហើយកិច្ចប្រតិបត្តិការខាងលើនេះដែរក៍បានដកហូតនូវវត្ថុតាង និងសម្ភារៈមួយចំនួនផងដែរ។

លោក វរសេនីយ៍ឯកបន្តថា ចំពោះវត្ថុតាង និងសម្ភារៈត្រូវបានដកហូតរួមមាន ម្សៅក្រាម ពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២២កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន ០១កញ្ចប់ កញ្ចប់កណ្ដាលចំនួន ០១កញ្ចប់ កញ្ចប់ទម្ងន់ ០១ជីចំនួន ០៨កញ្ចប់ និងទម្ងន់ ០១ហ៊ុនចំនួន ១២កញ្ចប់ លុយខ្មែរចំនួន ៥មឺុនរៀល ការបូបចំនួន ០១ ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿងម៉ាក សុីប៊ីអ ពណ៏ខ្មៅ គ្មានស្លាកលេខ។

លោក អធិការបន្តទៀតថា ជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាង និងសម្ភារៈបាននាំយក មក បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print