ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ នឹងបន្តនីតិវិធីសួរចម្លើយលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ម្តងទៀត ក្នុងនីតិវិធីស្តីពីការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន ។
យោងតាមលិខិតអញ្ជើញមេធាវី ទើបទទួលបានបង្ហាញថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា នឹងបន្តនីតិវិធីស្តីពីការឃុំខ្លួនបណ្ដោះអាសន្ន ដែលធ្វើឡើងនៅមណ្ឌលអប់រំកែប្រែទី៣ នៃខេត្តត្បូងឃ្មុំ ជាទីដែលលោកកឹម សុខា កំពុងជាប់ឃុំ ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសួរដេញដោល , តុលាការកំពូល នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា កន្លងមក សម្រេចមិនដោះលែងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និង ជាអ្នកនាំពាក្យផងដែរ ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ៕ចេស្តា