លោកដូណាល់ ត្រាំ៖ មិនទាន់ដល់ពេលធ្វើសមយុទ្ធឡើងវិញជាមួយកូរ៉េខាងត្បូងឡើយ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា មិនមានហេតុផលណា មួយដែលត្រូវចំណាយប្រាក់មួយចំនួនធំ នាពេលនេះសម្រាប់ធ្វើសមយុទ្ធជាមួយ កូរ៉េខាងត្បូងនោះឡើយ។ ដូច្នេះ សមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងនឹងត្រូវផ្អាកជាបន្តទៀត។

ការលើកឡើងរបស់លោកត្រាំគឺផ្ទុយទៅនឹងការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កាលពីថ្ងៃទី ២៩ ខែសីហា ដែលបានប្រកាសថា កម្លាំង ទាហានអាមេរិក មិនមានគម្រោងផ្អាក សមយុទ្ធជាមួយកូរ៉េខាងត្បូងបន្ថែមទៀតឡើយ ។ លោកបន្តទៀតថា «យើងបាន អនុវត្តទៅតាមអ្វីដែលបានព្រមព្រៀង ក្នុង នោះមានការផ្អាកសមយុទ្ធ ក្រោយជំនួប កំពូលនៅសិង្ហបុរី ។ ប៉ុន្តែមកទល់ពេលនេះយើងមិនអាចបន្តផ្អាកទៀតឡើយ ពេលភាគីម្ខាងទៀត មិនមានភាពរីកចម្រើននៅក្នុងការអនុវត្តតាមសេចក្តីប្រកាសរួម»។

ប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហាញ ការជឿជាក់ ទៅលើទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងល្អជាមួយមេដឹកនាំគីម ជុងអ៊ុន ដូច្នេះលោកឃើញថាមិនចាំបាច់ចំណាយថវិការសម្រាប់ធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងឡើយ ។

នៅក្នុងសេចក្តីប្រកាសតាមបណ្តាញ Twitter លោកត្រាំ បញ្ជាក់ថា កូរ៉េខាងជើងកំពុងតែរងសម្ពាធកាន់តែខ្លាំងពីចិន បើទោះបីចិនជាអ្នកផ្តល់ជំនួយជាច្រើនដល់ កូរ៉េខាងជើង ក្នុងនោះមានផលិតផល កសិកម្ម ថាមពល និង ស្បៀងអាហារជា ដើមក្តី ។ លោកត្រាំបង្ហាញការជឿជាក់លើមេដឹកនាំគីម ជុងអ៊ុន និងទំនាក់ទំនងបុគ្គលយ៉ាងជិតស្និទ្ធ ទាំងនោះហើយគ្មានមូលហេតុណាមួយដែលត្រូវធ្វើសមយុទ្ធឡើយ។

លោកត្រាំធ្លាប់បានធ្វើឲ្យប្រទេសជា សម្ពន្ធមិត្តភ្ញាក់ផ្អើល ដោយបានប្រកាស ផ្អាកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ក្រោយ ជំនួបពិភាក្សា កាលពីថ្ងៃទី១២ខែមិថុនា នៅប្រទេសសិង្ហបុរី ។ សកម្មភាពរបស់ លោកត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសសម្ពន្ធមិត្ត ក៏ដូចជាអ្នក នយោបាយអាមេរិកមួយចំនួន ដោយ ចាត់ទុកថា វាឆាប់រហ័សពេក ដែលបាន បន្ធូរបន្ថយកូរ៉េខាងជើង។

កាលពីសប្តាហ៍កន្លងមក ប្រធានាធិប តីដូណាល់ ត្រាំ បានប្រកាសលុបចោល ដំណើរទស្សនកិច្ចជាលើកទី៤របស់រដ្ឋ មន្ត្រីការបរទេស Mike Pompeo ទៅកាន់ កូរ៉េខាងជើង ។ លោក Pompeo បាន ប្រកាសថា សកម្មភាពរំសាយអាវុធ បរមាណូ មានសភាពយឺតយ៉ាវ ដូច្នេះត្រូវមានកិច្ចពិភាក្សាដើម្បីបង្កើនសកម្មភាព រំសាយឲ្យបានឆាប់បំផុត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print