ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់វ័យក្មេងម្នាក់អណ្តែតទឹកស្រះនៅក្នុង​វត្ត​នាគវ័ន្ត

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់វ័យក្មេងម្នាក់អណ្តែតទឹកស្រះនៅក្នុង​វត្ត​នាគវ័ន្ត​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​ត្រង់ចំណុចស្រះទឹកក្នុងវត្តនាគ​វ័ន្ត​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានពីលោកអ៊ុំម្នាក់​មានឈ្មោះ​ ជុង​ សុខនី​ អាយុ៤៥ឆ្នាំ ដែលជាអ្នកមើលថែរក្សានៅក្នុងវត្តបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុគាត់បានដើរត្រួតពិនិត្យសន្តិសុខសុវត្ថិភាពក្នុងបរិវេណវត្ត​​ រួចគាត់ក៏បានទៅសំរាកនៅលើអង្រឹងនៅក្បែរវិហារ។ លុះដល់ពេលកើតហេតុស្រាប់តែមាន​ក្មេង​ប្រុសម្នាក់ឈ្មោះ​ មែន​ បានរត់មកប្រាប់គាត់ថាឃើញសពអណ្តែតក្នុងទឹកស្រះ​ ហើយគាត់មិនជឿនោះទេ​ តែដោយមិនអស់ចិត្តគាត់ក៏បានដើរទៅមើលក៏បានឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន​ ។ ភ្លាមនោះគាត់បានរត់ទៅហៅប្រជាការពារភូមិឲ្យទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ប្រភព​បានឲ្យដឹងទៀតថា សពនារីអណ្តែតនេះ គឺមានសតិមិនគ្រប់ទេ​ ហើយរយ:ពេល២ទៅ៣ខែកន្លងមកនេះ​ គឺតែងតែឃើញនាងមកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ​ ប៉ុន្តែមិនដឹងផ្ទះសម្បែងនៅឯណាទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន​និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យបានចុះមកដល់កន្លែងកើតហេតុ ហើយបានស្រង់សពនារីយកមកលើគោកដើម្បីត្រួតពិនិត្យ​ បន្ទាប់ពីពិនិត្យរួចឃើញថាសពនារីនេះពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន​។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរកចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print