ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌសែនសុខ បានចូលរួមចុះពិនិត្យការវាស់វែងដីទំនាស់របស់ប្រជាពលរដ្ឋ២គ្រួសារ ស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមសំណូមពររបស់អធិការកិច្ចក្រសួង និងមន្ទីរសូរិយោដី រាជធានីភ្នំពេញ ។
ក្នុងសមាសភាពចូលរួមមាន លោកម ឈួរ រស្មីរិទ្ធី អគ្គនាយកអធិការកិច្ច និងជាប្រធានប្រតិភូ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងម្ចាស់ដីទាំងពីភាគីចូលរួមផងដែរ ។
យោងតាមអាជ្ញាធរខណ្ឌ បានឲ្យដឹងថា ក្នុងការចុះមកចូលរួមពិនិត្យការវាស់វែងដីទំនាស់របស់ប្រជាពលរដ្ឋនៅពេលនេះ យោងតាមការសំណូមពររបស់មន្ត្រីអធិការកិច្ចក្រសួងនិងមន្ទីសូរិយោដីរាជធានីភ្នំពេញ ។ ព្រោះថា ម្ចាស់កម្មសិទ្ធិទាំងពីរបានប្តឹងផ្តល់គ្នាទៅស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធយូរហើយ បើគិតមកដល់ពេលនេះ ជិត១០ឆ្នាំទៅហើយ ។
លោកចៅសង្កាត់បានឲ្យដឹងទៀតថា ភាគីទាំង២ មានឈ្មោះ សុខ សាន្ត និង ឈ្មោះ សុខ អឿន ដែលមានទំនាស់ប្តឹងផ្តល់គ្នា តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ដោយកាលណោះ ឈ្មោះ សុខ អឿន បានលក់ដីទំហំ៣២ម៉ែត្រ ឲ្យទៅឈ្មោះ សុខ សាន្ត ដែលមានព្រំប្រទល់ពីផ្លូវលេខ១៩៧៨ ទៅផ្លូវលេខ១០០៣ហើយ ដោយទុក១០ម៉ែត្រ សម្រាប់ឲ្យរដ្ឋ ត្រូវការធ្វើផ្លូវ ប៉ុន្តែនៅពេលដែលចេញប្លង់ពីសាលារាជធានី អាជ្ញាធរខណ្ឌសង្កាត់ត្រូវការធ្វើផ្លូវ ស្រាប់តែភាគីទាំងពីរមានទំនាស់កើតឡើង ប្តឹងផ្តល់គ្នាតែម្តង ។
ទើបនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០៨នេះ គណៈប្រតិភូអង្កេតស្រាវជ្រាវ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដឹកនាំដោយ លោក ឈួរ រស្មីរិទ្ធី អគ្គនាយកអធិការកិច្ច និងជាប្រធានប្រតិភូសហការជាមួយអាជ្ញាជំនាញភូមិបាលខណ្ឌ និងអាជ្ញាធរសង្កាត់ និងខណ្ឌចុះវាស់វែងដីមានទំនាស់នេះ ដើម្បីយកទិន្នន័យផ្ទៀងផ្ទាត់នៅក្រសួងតាមការស្នើសុំរបស់ភាគីទាំង២នេះ ៕ តុង សីហា