ក្តីបារម្ភពីសង្គ្រាមនឹងកើតឡើង ក្រោយពេលអីុរ៉ង់បោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ចែករំលែក៖

បច្ចុប្បន្ន អាមេរិក និងសម្ពន្ធមិត្តអីុស្រា អែល បានឡើងគម្រោង វាយប្រហារទៅ លើប្រទេសអីុរ៉ង់ ដោយចោទប្រទេសនេះ ផលិត អាវុធបរមាណូ និងមីស៊ីល ។ តាំង ពីដើមមក អាមេរិកបានចាត់ទុកអីុរ៉ង់ ជា ប្រទេសដែលបានបំផ្លាញរាល់គោល នយោបាយរបស់អាមេរិក និងសម្ពន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា ។ នៅពេលនេះបើ អីុរ៉ង់បោះបង់កិច្ចព្រមព្រៀងនោះ ការវាយ ប្រហារអាចនឹងកើតមានឡើង បង្កឲ្យមានសង្គ្រាមទ្រង់ទ្រាយធំរាលដាលនៅលើពិភពលោក។

កន្លងមក មេដឹកនាំកំពូលអុីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី បានព្រមានថា ប្រទេសរបស់លោក អាចនឹងបោះបង់ ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយ ប្រទេសមហាអំណាចលើពិភព លោក បើសិនជាវាលែងបម្រើផលប្រយោជន៍ឲ្យ អុីរ៉ង់ តទៅទៀតហើយនោះ បើទោះបីជា សម្ពាធសេដ្ឋកិច្ច និងនយោបាយធ្លាក់មកលើរដ្ឋាភិបាលពួកគេក៏ដោយ។

ក្នុងជំនួបជាមួយគណៈរដ្ឋមន្រ្តីរបស់លោក នៅក្នុងទីក្រុងតេអេរ៉ង់ លោក ខាមេ នី បាននិយាយថា “តាមធម្មតា បើសិនជាយើងឈានដល់ការសន្និដ្ឋានមួយថា កិច្ច ព្រមព្រៀងនុយក្លេអ៊ែរ លែងរក្សាផល ប្រយោជន៍ជាតិតទៅទៀតហើយនោះ យើង នឹង ទុកវានៅមួយឡែកសិនហើយ”។

លោកបាននិយាយទៀតថា អុីរ៉ង់ មិនអាចដាក់ក្តីសង្ឃឹមរបស់ខ្លួនទៅលើអឺរ៉ុបបានទេ ថ្វីដ្បិតតែមានកិច្ចខិតខំរបស់អឺរ៉ុបដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ក៏ដោយ បន្ទាប់ពីការដកខ្លួនចេញរបស់ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ប្រធានាធិបតី ហាស្សាន់ រូហានី បានរង គ្រោះ ដោយសារតែការវិលត្រឡប់មកវិញ នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យមានការចាកចេញទៅយ៉ាងឆាប់ រហ័សរបស់ក្រុមហ៊ុន បរទេស និងបញ្ចប់ ក្តីសង្ឃឹមរបស់លោក ក្នុងការទាក់ទាញការធ្វើវិនិយោគទ្រង់ទ្រាយធំ។

សត្រូវនយោបាយរបស់លោករូហានី កំពុងចោមរោមលោក ដោយសភាបាន ប្រកាសថា រដ្ឋមន្រ្តី២នាក់បន្ថែមទៀត អាចនឹងត្រូវចោទប្រកាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

រដ្ឋមន្រ្តីក្រសួងការងារ និងក្រសួងសេដ្ឋ កិច្ច ត្រូវបានបណ្តេញចេញពីតំណែងរួចទៅហើយដោយសភានៅក្នុងខែនេះ ហើយ ញត្តិត្រូវបានទទួលយក ដើម្បីបោះឆ្នោតលើការចោទប្រកាន់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងរដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។

លោក ខាមេនី បាននិយាយយ៉ាងទទូច ថា ភាពចលាចលនយោបាយ គឺជាសញ្ញាមួយនៃកម្លាំងលទ្ធិប្រជាធិបតេយ្យអុីរ៉ង់។

លោកបានកោតសរសើរដល់ការចោទសួរនូវសំណួរពិបាកៗជាច្រើន ដែល លោក រូហានី បានទទួលនៅក្នុងសភាកាលពីថ្ងៃអង្គារ ដែលវាគឺជាការបង្ហាញពីអំណាចរបស់សាធារណរដ្ឋអ៊ិស្លាម និងជំនឿចិត្តលើខ្លួនឯងរបស់ក្រុមមន្រ្តី។

លោកបន្តទៀតថា ការខ្វែងគំនិតគ្នា រវាងក្រុមមន្រ្តី គឺជារឿងធម្មតាទៅហើយ ហើយពួកគេមិនគួរបណ្តោយឲ្យសារព័ត៌មានផ្សព្វផ្សាយនោះទេ ពីព្រោះថា ប្រជា ពលរដ្ឋអាចនឹងមានការព្រួយបារម្ភ។

ការចោទសួរនៅក្នុងសភា កាលពីថ្ងៃ អង្គារ វាបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រលើកដំបូងសម្រាប់លោក រូហានី ក្នុងរយៈ ពេល៥ឆ្នាំ ក្នុងនាមជាប្រធានាធិបតី ហើយ ក្រុមតំណាងរាស្រ្ត បានធ្វើការថ្កោលទោសចំពោះការដោះស្រាយរបស់លោកលើ បញ្ហាសេដ្ឋកិច្ចចំនួន៥ ចាប់តាំងពីបញ្ហាអត់ ការងារធ្វើ រហូតដល់ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ។

នៅក្នុងការបោះឆ្នោតមុនពេលបញ្ចប់អង្គប្រជុំ ពួកគេបានប្រកាសថា ពួកគេមិន ពេញចិត្តនឹងការឆ្លើយតបចំពោះសំណួរ ចំនួន៤ របស់លោក រូហានី នោះទេ។

ក្រោមបទបញ្ជាសភា បញ្ហាទាំងនេះ អាចនឹងយកទៅពិនិត្យដោយប្រព័ន្ធតុលាការ ប៉ុន្តែវាគ្មិនសភា លោក អាលី ឡារី ចានី ដែលជាសម្ពន្ធមិត្តជិតស្និទ្ធរបស់លោក រូហានី បាននិយាយកាលពីថ្ងៃពុធថា គ្មាន មូលដ្ឋានស្របច្បាប់ ដើម្បីធ្វើបែបហ្នឹងនោះ ទេ។

តាមទ្រឹស្តីបទ សភា អាចចោទប្រកាន់ លោក រូហានី ប៉ុន្តែលោកមានការការពារពី លោក ខាមេនី ដែលកាលពីមុន ធ្លាប់បាន និយាយថា ការដកតំណែងប្រធានាធិបតី នឹងធ្វើឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ សត្រូវ។

ផ្ទុយទៅវិញ លោក ខាមេនី បានអំពាវនាវឲ្យក្រុមមន្រ្តីបន្តធ្វើការ “ទាំងយប់ទាំង ថ្ងៃ” ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។

រូបិយប័ណ្ណរបស់អុីរ៉ង់ បានបាត់បង់ តម្លៃរបស់វាជិតពាក់កណ្តាល ចាប់តាំងពី សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីខែឧសភា ហើយការឈឺចាប់ធ្ងន់ធ្ងរជាងនេះ ត្រូវ គេរំពឹងថា នឹងកើតឡើង ពេលដែលទណ្ឌកម្មមកលើវិស័យនាំចេញប្រេងសំខាន់ៗ របស់អុីរ៉ង់ ត្រូវបានអនុម័តនៅខែវិច្ឆិកាខាងមុខនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print