ភ្នំពេញ: ចោរឆក់២នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងបើកម៉ូតូតាមផ្លូវ កាន់ទូរស័ព្ទ បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនត្រូវម្ចាស់ដេញតាមស្រែកចោរៗ ផ្អើលកម្លាំងល្បាតនៅប្រចាំការតាមគោលដៅ រហូតដេញឃាត់ខ្លួនបានទាំង២នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងមុខហាងលក់ផ្លែឈើស្រីមុំ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ហើយព្យាយាមបើកម៉ូតូគេចខ្លួន រហូតឃាត់ខ្លួនបាននៅម្ដុំបឹងកក់ ជិតមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ ឃាង ម៉េងលី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-8433 (ជាអ្នក បើកម៉ូតូ)។ ទី២.ឈ្មោះ ពេជ្រ សុកុម្ភ: អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល (ជាអ្នកធ្វើសកម្មភាព)។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ ជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់ថា ទើបតែស្គាល់គ្នា នៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងនៅប្លុកទួលសង្កែ ខណ្ឌឬស្សីកែវ ថ្ងៃកើតហេតុនេះទេ ដោយសារតែរូបគេទាំង២នាក់ បាញ់ត្រីចាញ់អស់លុយដូចគ្នា ទើបនិយាយត្រូវរ៉ូវគ្នា ក៏បបួលគ្នាចេញឆក់ ហើយក៏ប្រទះឃើញបុរសរងគ្រោះជិះម៉ូតូកាន់ទូរសព្ទតែឯង ដែលជាឱកាសល្អផង ទើបពួកគេជិះតាមពីក្រោយ ឆក់ទូរសព្ទ Iphone 6Plus នោះ បានសម្រេច តែជិះរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានបើកម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ជិតវត្តមហាមន្ត្រី រូបគាត់បានកាន់ទូរសព្ទយកមកផ្ញើសារជាសំលេងទៅមិត្តភក្តិ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកពីក្រោយ ធ្វើសកម្មភាពឆក់ យកទូរសព្ទរបស់គាត់ បានសម្រេច ហើយបានព្យាយាមបើកម៉ូតូគេចខ្លួន ភ្លាមនោះគាត់បើកម៉ូតូដេញតាមហើយស្រែក “ចោរៗ” បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតដែលប្រចាំការតាមគោលដៅពួនស្ទាក់ ដេញតាមរហូតស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់។
បន្ទាប់ពីកើតហេតុដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ទើបប៉ុស្តិ៍នគរបាលស្រះចក បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចខណ្ឌចំការមន ដើម្បីសួរនាំបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ