កិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យខេត្ត ចំនួន១២៦នាក់ និងពិធីប្រកាសគណៈកម្មការសេវាហិរញ្ញប្បទានថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានស្នើដល់គណៈកម្មការសេវាហិរញ្ញប្បទានថ្មី សូមខិតខំប្រឹងប្រែងផ្តល់សេវាហិរញ្ញប្បទាន និងមូលនីធិសមធម៌ ឲ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសម ធម៌ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្តផងដែរ។

មានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកកិច្ចប្រជុំសំណេះសំណាលជាមួយបុគ្គលិកមន្ទីរពេទ្យខេត្ត ចំនួន១២៦នាក់ និងពិធីប្រកាសគណៈកម្មការសេវាហិរញ្ញប្បទានថ្មី កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

លោកប្រធានមន្ទីរ បានបន្តថា បច្ចប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ តែងតែគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ ដោយចេញជួសការព្យាបាល ក្នុងការផ្តល់ជូននូវមូលនិធិសមធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និងមូលនិធិសុខាភិបាល ជូនដល់កម្មករក្រៅប្រព័ន្ធ កីឡាករកីឡាការិនី មេឃុំចៅសង្កាត់ មេភូមិជំនួយការភូមិ ក្រុមដោះមីន…។ល។ ហើយនិងមានបេឡាជាតិរបបសន្តិសុខសង្គម ផ្តល់ជូនដល់កម្មករក្នុងប្រព័ន្ធ និងមន្ត្រីរាជការផងដែរ ។ អាស្រ័យហេតុនេះមន្ទីរពេទ្យទទួលបានអតិថិជនកាន់តែច្រើន ចំណូលហិរញ្ញប្បទានក៏បានកាន់តែច្រើន បុគ្គលិកនឹងទទួលបានប្រាក់ឧបត្ថម្ភហិរញ្ញប្បទានកាន់ខ្ពស់ ។

លោកប្រធានមន្ទីរ បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគណៈកម្មការសេវាហិរញ្ញប្បទានថ្មីថា ដំណើរការហិរញ្ញប្បទាន ដើម្បីសម្រេចបានជោគជ័យ ត្រូវមានការដឹកនាំគ្រប់គ្រងល្អ អនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ច គោរពឲ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ មានការផ្លាស់ប្ដូរឥរិយាបថ អភិវឌ្ឍន៍បច្ចេកវិទ្យា និង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាព គុណភាពសេវាឲ្យកាន់តែប្រសើរឡើង ។

លោកប្រធានមន្ទីរបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែលើកទឹកចិត្ត ជម្រុញឲ្យមានការប្រលងប្រណាំងអង្គភាពអង្គភាពគំរូក្នុងវិស័យសុខាភិបាល និងអប់រំ ដូច្នេះមន្ទីរពេទ្យទាំងអស់ក្នុងខេត្ត ត្រូវចូលរួមប្រលងប្រណាំងអង្គភាពគំរូក្នុងវិស័យសុខាភិបាលក្នុងខេត្ត និងចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិថែមទៀត ។

លោកប្រធានមន្ទីរបានជម្រាបអង្គប្រជុំបន្ថែមទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការ Cambodia Vision នឹងមកព្យាបាលវះកាត់ភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្ត ចាប់ពីថ្ងៃទី២៤ ដល់ ២៩ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ និងសូមជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង សូមអញ្ជើញមកទទួលយកសេវាព្យាបាលវះកាត់ភ្នែកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print