អាមេរិកស្នើសុំពិភាក្សាជាមួយចិនដើម្បីបញ្ចប់វិវាទក្នុងវិស័យពាណិជ្ជកម្ម

ចែករំលែក៖

ក្រោយប្រឈមវិបត្តិពាណិជ្ជកម្មអាមេរិក និងចិនបានពិភាក្សា ម្តងរួចមកហើយ តែមិនទទួលបានជោគជ័យ ហើយអាមេរិកបន្តប្រកាសដំឡើងពន្ធទៅលើប្រទេសចិន។ ចំណែកចិនវិញ ក៏វាយបកដំឡើងពន្ធលើទំនិញអាមេរិកដូចគ្នា។

នៅពេលនេះមន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃទី១៣ ខែកញ្ញា បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើសុំបើកកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្មជាមួយចិន ដើម្បីដោះស្រាយបញ្ហាវិវាទទាំងឡាយដែលប្រទេសទាំងពីរកំពុងតែប្រឈមមុខ។

ប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin និងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អាមេរិក បានអញ្ជើញសមភាគីចិនចូលរួមកិច្ចពិភាក្សា ដើម្បីដោះស្រាយបញ្ហាវិវាទនៅក្នុងវិស័យពាណិជ្ជកម្មមុនពេលអាមេរិកត្រួតពិនិត្យ និងដំឡើងពន្ធ ដែលមានទឹកប្រាក់ជាង២០០ពាន់លានដុល្លារដល់ប្រទេសចិន។

ជំនួបអាចនឹងធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ ។ សំណើពិភាក្សារបស់អាមេរិក បានធ្វើឲ្យតម្លៃទីផ្សារមូលបណ្ណ និងភាគហ៊ុនងើបឡើងវិញបន្តិច ដោយអ្នកវិនិយោគយល់ថា វិវាទពាណិជ្ជកម្ម អាចនឹងដោះស្រាយបាន។ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា តួលេខទីផ្សារមូលបណ្ណ និងភាគហ៊ុនកើនឡើង ពី០,០៤ឡើងដល់ ០,១ភាគរយ។

សភាពការណ៍តានតឹងរវាងអាមេរិក នឹងចិន កើនឡើងខ្ពស់កាលពីខែមីនា កន្លងមក ពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូម។ ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានដំឡើងពន្ធលើមុខទំនិញគ្នាទៅវិញទៅមក បង្កឲ្យមានវិបត្តិក្នុងវិស័យពាណិជ្ជកម្មជាទ្រង់ទ្រាយធំ។ ចំណែកកិច្ចពិភាក្សាកន្លងមក មិនទទួលបានជោគជ័យនោះឡើយ។

កាលពីដើមខែកញ្ញា កន្លងមក តំណាងពាណិជ្ជករអាមេរិក លោក Robert Lighthizerបានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យដំឡើងពន្ធពី១០-២០ភាគរយ ដល់ទំនិញទាំងឡាយរបស់ចិន មានតម្លៃជាង២០០ពាន់លានដុល្លារ។ កាលពីថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតី ត្រាំ បានប្រកាសដំឡើងពន្ធបន្ថែមទៀត ដល់ទំនិញនាំចូលពីចិនមានទឹកប្រាក់ ២៦៧ពាន់លានដុល្លារអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print