យោធិនពិការ៥គ្រួសារចោទអធិការស្រុកថ្ពងសីុដាច់លុយលោក ហ៊ុន ម៉ានី ឧបត្ថម្ភពួកគាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីក្រសួងមហាផ្ទៃចេញលិខិតគោរពស្នើសុំឲ្យលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺដាក់ ពិន័យរដ្ឋបាលលើលោក ហ៊ុន សុខហុន ក្រោយមានបណ្តឹងរបស់ពលរដ្ឋកាលពីពេលថ្មីៗស្រាប់តែពេលនេះលោក ហ៊ុន សុខហុន អធិការស្រុកថ្ពងត្រូវយោធិន ពិការចំនួន៥គ្រួសារប្តឹងទៅស្ថាប័នកំពូលៗ ជាតិចំនួន៣ដើម្បីឲ្យជួយអន្តរាគមន៍ រឿងលោកអធិការស៊ីដាច់លុយដែល លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ ឧបត្ថម្ភពួកគាត់ ។

យោងតាមពាក្យសុំអន្តរាគមន៍ចុះថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលអ្នក សារព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ យោធិនពិការ ទី១.ឈ្មោះ ទ្រឿង ហ៊ីម ហៅ អាង ភេទប្រុស, ទី២.ឈ្មោះ ម៉ី យ៉េង ហៅ កែល ភេទប្រុស, ទី៣.ឈ្មោះ ធុង ម៉ៅ ភេទស្រី ជាប្រពន្ធ របស់ឈ្មោះ អៀម លីម ជាមន្ត្រីនគរបាល ចូលនិវត្តន៍ (បានស្លាប់), ទី៤.ឈ្មោះ ឃុត រឿន ហៅបូ ភេទប្រុស និងទី៥.ឈ្មោះ អន អុល បានប្តឹងចូលទៅសម្តេចពញាចក្រី ហេង សំរិន ប្រធានសភា, សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្ត្រី ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយឲ្យជួយរកយុត្តិធម៌រឿង លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ស៊ីដាច់លុយ ដែលលោក ហ៊ុន ម៉ានី អ្នក តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺជួយឧបត្ថម្ភ ពួកគាត់ ។

ពាក្យសុំអន្តរាគមន៍ បានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី បានចុះជួបសំណេះ សំណាលជាមួយពួកគាត់ដើម្បីបំពាក់ មេដាយការងារ និងឧបត្ថម្ភក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលជាប្រាក់លើកទឹកចិត្តនិងដោះស្រាយជីវភាព ។

ប៉ុន្តែលោក ហ៊ុន សុខហុន អធិការ ស្រុកថ្ពង និងបក្ខពួក មិនបានប្រគល់លុយ ដែល លោក ហ៊ុន ម៉ានី ឧបត្ថម្ភឲ្យពួកគាត់ ឡើយពោលគឺស៊ីដាច់ទាំងអស់ ។

ក្រុមប្រជាពលរដ្ឋជាជនពិការដែលរងគ្រោះដោយលោក ហ៊ុន សុខហុន អធិការ ស្រុកថ្ពង ស៊ីដាច់លុយបានសំណូមពរឲ្យ ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ជូន ពួកគាត់ដែលជាប្រជាពលរដ្ឋទន់ខ្សោយផង ព្រោះនៅតំបន់ដែលលោក ហ៊ុន សុខហុន គ្រប់គ្រងគឺអ្នកណាក៏អត់ហ៊ានប៉ះពាល់ឬហ៊ានតវ៉ា ជាមួយលោកអធិការ ដ៏មានឥទ្ធិពលនេះដែរ សូម្បីតែមន្ត្រីថ្នាក់ លើរបស់លោកអធិការក៏អត់ហ៊ានក្អកជា មួយលោកអធិការ ហ៊ុន សុខហុន ដែរ ដូច្នេះ ហើយមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសម្តេចតេជោទេដែលអាចជួយពួក គាត់បាន ។

គួររំលឹកថា យោងតាមលិខិតលេខ ៩៩២ សផ៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៨ ចុះហត្ថលេខាដោយ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានគោរពស្នើសុំឲ្យស្នងការនគរបាលខេត្តកំពង់ ស្ពឺ អនុវត្តវិន័យរដ្ឋបាល លើលោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងក្រោយ ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ ករណីប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា និងឆបោក ។

ការសម្រេចឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដាក់ពិន័យលើលោក ហ៊ុន សុខហុន អធិការស្រុកថ្ពងរូបនេះ យោង តាមចំណាររបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន យឿន និងឈ្មោះ ឃឹម ចន្ធា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ប៉ុន្តែយ៉ាងណាក៏ដោយការសម្រេចរបស់ក្រសួងមហាផ្ទៃមិនត្រូវបានស្នងការនគរបាលខេត្តកំពង់ស្ពឺអនុវត្តនោះទេ ៕ ហេង សូរិយា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print