អភិបាលខណ្ឌច្បារអំពៅលោក​ ចេង​ មុនីរ៉ា ប្រាប់មន្ត្រីឲ្យយកចិត្តទុកដាក់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាផ្តល់សេវាសាធារណៈលើ​ការ​ស្នើ​សុំ​ចម្លង​អត្តសញ្ញាណប័ណ្ណ​ ,​ សៀវភៅ​គ្រួសារ​ ,​ សៀវភៅ​ស្នាក់នៅ​ និង​ ឯកសារ​ផ្សេងៗ​ ចូល​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ គឺ​ ជា​ប្រធានបទ​យ៉ាង​ក្តៅ​​គគុក​ នៅក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ នៅ​ថ្ងៃទី​១៤​ ខែ​កញ្ញា ឆ្នាំ២០១៨ ក្រោម​វត្តមាន​លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ លោក​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ លោក​មេបញ្ជាការ​រង​ខណ្ឌ​ច្បារ​អំពៅ​ និង​ មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ ។

នៅក្នុងកិច្ចប្រជុំនេះដែរលោក​ ចេង​ មុនីរ៉ា​ បាន​លើកឡើង​បញ្ហា​ជា​ច្រើន​ ដូច​ជា​បញ្ហា​ប្រជាពលរដ្ឋ​មក​សុំ​ចម្លង​អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់នៅ​ និង​ ឯកសារ​ផ្សេងៗ​ បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​ បញ្ហា​កន្លែង​កម្សាន្ត​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត​ ។

ជាថ្មីម្តងទៀតលោក​អភិបាល បាន​លើកឡើង​ពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្លះ​បាន​ដាក់​សម្ពាធ​ផ្នែក​អារម្មណ៍​លើ​មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ ។ “សម្ពាធ​ផ្នែក​អារម្មណ៍​”​ នេះ​ គឺ​ ចង់​សំដៅ​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​យក​ឯកសារ​មិន​ប្រក្រតី​ ឬ​ ឯកសារ​ខុសច្បាប់​ មក​ឲ្យមន្ត្រី​ជំនាញ​បំពេញ​ ដែល​ជា​រឿង​១០ឆ្នាំ​ទៀត​ ក៏​មន្ត្រី​មិន​អាច​ធ្វើ​បានដែរ​ ។

លើសពីនេះទៀតលោក​អភិបាលខណ្ឌបាន និយាយ​ចំៗ​ដោយលើកជា​ឧទាហរណ៍​ ថា​ ប្រជាពលរដ្ឋ​ខ្លះ​មាន​អត្តសញ្ញាណប័ណ្ណ​នៅ​មាន​សុពលភាព​ ដែល​មាន​ទីលំនៅ​ក្នុង​ខេត្ត​កណ្ដាល​ ហើយ​មក​សុំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​មួយ​ទៀត​ ក្នុង​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​នោះ​ បាន​កុហក​មន្ត្រី​ជំនាញ​ ថា​ រូបគេ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ទេ​ ឬ​ អត្តសញ្ញាណប័ណ្ណ​ ផុត​សុពលភាព​ហើយ​ ។ បញ្ហា​ទាំង​នេះ​ ទោះបីជា​មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ បំពេញ​តួនាទី​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្ដែ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ គឺ​ ពិត​ជា​មិន​អាច​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​រូប​នោះឡើយ​​ ។ ដល់​ ពេល​មន្ត្រី​ជំនាញ​ខណ្ឌ​ច្បារ​អំពៅ​ មិន​អាច​ចេញ​ឯកសារ​ទាំង​នោះ​បាន​ បែរ​ជា​មក​ចោទប្រកាន់​មន្រ្តី​ថា​ ធ្វើ​ការ​យឺតយ៉ាវ​ មិន​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ ។ តើ​នេះ​ជាយុត្តិធម៌​ដែរ​ឬទេ​ សម្រាប់​មន្ត្រី​ខណ្ឌ​ច្បារ​អំពៅ​ ។

ក្រៅ​ពី​បញ្ហា​នេះ​ លោក​ ចេង​ មុនីរ៉ា​ បាន​ណែនាំ​ឲ្យមន្ត្រី​ជំនាញ​ អនុវត្ត​ឲ្យមាន​ប្រសិទ្ធភាព​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ បញ្ហា​គ្រឿង​ញៀន​ និង​ បញ្ហា​ជា​ច្រើន​ទៀត​ ក្នុង​គោលដៅ​ថែរក្សា​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ ឲ្យបាន​កាន់​តែ​ល្អ​ប្រសើរថែមទៀត​ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print