ខេត្តកំពង់ស្ពឺ ៖ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់ របស់សាជីវកម្មព្រូដិនសលអាស៊ី បានសហការជាមួយកាកបាទក្រហមកម្ពុជារៀបចំ “ទិវាពិភពលោកសង្រ្គោះបឋម” ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានអ្នកចូលរួមសរុប ៣៥០នាក់។ ក្នុងពេលជាមួយគ្នានេះមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់ សាជីវកម្មព្រូដិនសលអាស៊ី បានសម្ពោធ កម្មវិធីវិធានការសុវត្ថិភាពសង្គ្រោះបឋម ក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយសង្រ្គោះជីវិត និងកាត់បន្ថយហនិភ័យគ្រោះអាសន្នក្នុងសហគមន៍។
ក្នុងពិធីនេះ ក្រុមការងារស្ម័គ្រចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចែកផ្ទាំងរូបភាព និងខិត្តបណ្ណចំនួន ៦០០សន្លឹកដល់អ្នកចូលរួមដែលជាយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាជ្ញាធរដែនដី ប្រជាការពារ និងប្រជាជនក្នុងសហគមន៍ដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានវិជ្ជាសង្រ្គោះបឋមសម្រាប់ជួយខ្លួនឯងផ្ទាល់ សមាជិកក្នុងក្រុមគ្រួសារ និងសហគមន៍ក្នុងពេលមានគ្រោះថ្នាក់កើតឡើងមុនពេលរថយន្តសង្រ្គោះបន្ទាន់មកដល់ឬមុនបញ្ជូនទៅមន្ទីរពេទ្យ។
លោក ទូច ថាវរិទ្ធ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដៃគូចែកចាយ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឱ្យដឹងថា ព័ត៌មានទាក់ទងនឹងការសង្គ្រោះបឋមនឹងត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជាតាមរយៈបណ្តាញព័ត៌មានសង្គម ក្នុងព្រឹត្ដិការណ៍នានា និងកម្មវិធីទូរទស្សន៍ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានជំនាញផ្នែកសង្គ្រោះបឋមនេះ។លោក ថាវរិទ្ធ បានមានប្រសាសន៍បន្ថែមថា៖ “កម្មវិធីជំហានសុវត្ថិភាពសង្គ្រោះបឋមគឺបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងមូលដ្ឋានអំពីការសង្គ្រោះបឋមដល់សាធារណជន ដើម្បីឱ្យពួកគាត់មានសមត្ថភាពកាត់បន្ថយភាពងាយរងគ្រោះក្នុងពេលមានគ្រោះអាសន្ន និងអាចត្រៀមលក្ខណៈសង្គ្រោះជីវិតក្នុងករណីអាសន្នកើតឡើង។”
នៅជុំវិញពិភពលោក មានមនុស្សជិត ១៦,០០០នាក់ ស្លាប់ដោយសារការរងរបួសជារៀងរាល់ថ្ងៃ ខណៈដែលជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀតគេចផុតពីការស្លាប់ ប៉ុន្តែមានមនុស្សជាច្រើនបានបាត់បង់សមត្ថភាពជាអចិន្ត្រៃយ៍ ក្រោយពេលរងផលប៉ះពាល់ពីរបួសនោះរួចមក។ ដើម្បីជួយដោះស្រាយបញ្ហានេះ មូលនិធិព្រូដិនស៍ តាមរយៈការគាំទ្រពេញទំហឹងពីក្រុមហ៊ុនព្រូដិនសលកម្ពុជា មានបំណងផ្ដល់ជំនាញសង្គ្រោះជីវិតដល់ប្រជាពលរដ្ឋខ្មែរ ដោយផ្ដល់លទ្ធភាពឱ្យពួកគាត់អាចជួយដល់ក្រុមគ្រួសារ មិត្តភកិ្ត ឬសហគមន៍របស់ពួកគេក្នុងគ្រាអាសន្ន ដែលអាចកើតមាន។
នៅក្នុងទិវាសង្គ្រោះបឋមពិភពលោកនោះដែរ កាកបាទក្រហមកម្ពុជាបានបង្ហាញពីជំនាញសង្គ្រោះបឋមចំនួន៣យ៉ាង និងវិធីសាស្ត្រសង្គ្រោះតាមជំហាននីមួយៗ។ អ្នកចូលរួមបានរៀនសូត្រពីរបៀបអនុវត្ដវិធីសាស្រ្តសង្គ្រោះ បឋមចំពោះជនរងគ្រោះ ដែលរងរបួសពីការបាក់ឆ្អឹង របួសដាច់សាច់ និងការរលាក។
លោកស្រី សៅ ស៊ីវន អ្នកស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរ បានមានប្រសាសន៍ថា៖ “កម្មវិធីសង្គ្រោះបឋមនេះគឺជាគំនិតផ្ដួចផ្ដើមមួយយ៉ាងល្អ ដោយសារកម្មវិធីនេះផ្ដល់គន្លឹះក្នុងការសង្គ្រោះជីវិត ដើម្បីជួយឱ្យប្រជាពលរដ្ឋចេះគ្រប់គ្រងក្នុងស្ថានភាពអាសន្ន រួមមានការជួយជនរងគ្រោះដែលរបួសមុននឹងបញ្ជូនទៅមន្ទីរពេទ្យ។
ជាមួយនឹងខិតប័ណ្ណសង្គ្រោះបឋម ដែលចែកជូនដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា ខ្ញុំជឿថា ប្រជាពលរដ្ឋកាន់តែច្រើននៅទូទាំងប្រទេសនឹងយល់ដឹងបានច្រើនអំពីវិធីសង្គ្រោះបឋម និងការត្រៀមលក្ខណៈក្នុងគ្រាអាសន្ន ដូច្នេះ សហគមន៍របស់យើងកាន់តែមានសុវត្ថិភាព និងសុខសាន្តជាងមុន។”
គួរបញ្ជាក់ដែរថាក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា រួមមានការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយៈកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីវិធានការសុវត្ថិភាពគ្រោះមហន្តរាយធម្មជាតិជាដើម។
កម្មវិធីវិធានការសុវត្ថិភាព គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសល នៅក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានកម្មវិធីអំណានដំបូង កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុ និងកម្មវិធីតន្ត្រី៕ ដោយ វឌ្ឍនា