ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ នៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យលើជនបរទេសដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ជាក់ស្តែងកាលពីរសៀលថ្ងៃពុធ ១០កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានត្រួតពិនិត្យគោលដៅនៅតាម ហាងកាហ្វេ ម៉ាស្សា-កោសជប់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយរកឃើញថា ជនជាតិវៀតណាមនិងជនជាតិចិន៨នាក់ លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនប្រក្រតី ។
ក្នុងប្រតិបត្តិការខាងលើនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាក់ស្តែងបានត្រួតពិនិត្យឃើញ ជនបរទេសចំនួន១៩នាក់ ស្រី១០នាក់ មាន២សញ្ជាតិ គឺជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះស្រី១០នាក់ និងបុរសជនជាតិចិនម្នាក់ ដោយមានលិខិតឆ្លងដែនវៀតណាម ចំនួន០៥ក្បាល, ឯកសារអន្តោប្រវេសន្តចំនួន០៦សន្លឹក។
ក្នុងនោះចំពោះជនបរទេសចំនួន៨នាក់ ស្រី០៥នាក់ (វៀតណាម និងចិន) លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនប្រក្រតី។ ប៉ុន្ដែបុរសជនជាតិចិនម្នាក់ គឺជាជនសង្ស័យតែងតែធ្វើសកម្ម ភាពតាមឃ្លាំមើលរថយន្តរបស់នាយកដ្ឋាន ន៧ ជាប្រចាំ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន ។
ក្រោយឃាត់ខ្លួន រួចក្រុមប្រតិបត្តិការចម្រុះបាននាំខ្លួនជនបរទេសចំនួន៨នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕ ស តារា