សំណុំរឿង ពលរដ្ឋម្នាក់ប្តឹង លោក ស៊ីម តារា និងបក្ខពួក លក់ដីឡូតិ៍ខ្យល់ នៅសង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានបញ្ចប់ដោយសារ ក្រុមបោកប្រាស់ព្រមសងលុយវិញ

ចែករំលែក៖

ភ្នំពេញ៖ លោកមេធាវី សួស វណ្ណៈ មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យដើមបណ្តឹងឈ្មោះ ថា ឡាវី ដែលបានដាក់ពាក្យប្តឹង លោក ស៊ីម តារា ដែលគេស្គាល់ថា ជាសាស្ត្រាចារ្យល្បីឈ្មោះខាងបង្រៀន និងបង្វឹកមនុស្សឲ្យចេះរកស៊ី និងបក្ខពួកចំនួន ២នាក់ទៀត ឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ដើម្បីទាមទារប្រាក់ថ្លៃដី ចំនួន ៤៦៧៥ដុល្លារ វិញ ក្រោយពីរកឃើញថា ក្រុមលោក ស៊ីម តារា បានលក់ដីខ្យល់នោះ បានបញ្ជាក់តាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា សំណុំរឿងនេះបានបញ្ចប់ហើយ។

លោកមេធាវី បានឲ្យដឹងថា សំណុំរឿងនេះ ត្រូវបានបញ្ចប់នៅក្រៅប្រព័ន្ធតុលាការ ព្រោះតែ កូនក្តីរបស់លោកព្រមទទួលយកលុយថ្លៃដី (ទិញដីខ្យល់) ចំនួន ៤៦៧៥ដុល្លារ ពីលោក ស៊ីម តារា និងបក្ខពួក ដោយសម្រេចដកពាក្យបណ្តឹងឈប់ប្តឹងវិញ។

លោកមេធាវី សួស វណ្ណៈ អះអាងថា កូនក្តីលោក ពិតជាបាន រងគ្រោះព្រោះតែទិញចំដីខ្យល់របស់ក្រុមហ៊ុន លោក ស៊ីម តារា និងបក្ខពួក មែន ក្រោយពីចាញ់បោកគេរួច (បង់លុយអត់មានដី) កូនក្តីលោកបាន ព្យាយាមទៅទារលុយ ដែលបង់រួចមកវិញ តែលោក ស៊ីម តារា មិនព្រមសងវិញសោះ ទើបកូនក្តីលោកសម្រេចចិត្តប្តឹងទៅ តុលាការតែម្តងទៅ ទើបលោក ស៊ីម តារា និងបក្ខពួក ព្រមសងលុយវិញ។

លោកមេធាវីថា ដោយគោរពតាមការសម្រេចចិត្តរបស់កូនក្តី លោកបានដាក់ពាក្យ សុំដកពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដោយមិនចង់វែងឆ្ងាយ កូនក្តីលោកព្រមទទួលយកតែ លុយដែលបង់ថ្លៃដីឡូតិ៍ខ្យល់ ដោយបោះបង់ការទាមទារជំងឺចិត្ត ចោលថែមទៀតផង។

សូមជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ថា ឡាវី ដោយមានលោកមេធាវី សួស វណ្ណៈ ជាតំណាង បានដាក់ពាក្យប្តឹង ឈ្មោះ ស៊ីម តារា ឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារលុយ ចំនួន ៤៦៧៥ដុល្លារ ដែលជនរងគ្រោះ បានទិញដីឡូតិ៍ខ្យល់។

ពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើមបណ្តឹងឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍ លេខ ៤០៥ ទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ក្នុងតម្លៃ ៨០០០ដុល្លារ មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដើមបណ្តឹងអះអាងថា ខ្លួនបានទិញដីឡូតិ៍នោះពីឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ដោយមានឈ្មោះ ស៊ីម តារា ជាអ្នកតំណាងលក់។

ដោយមានការជឿទុកចិត្ត លើអ្នកទាំង ៣នាក់ខាងលើឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍នោះ ដោយមានកិច្ចសន្យាទិញ-លក់លេខ០៥៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដោយកក់មុនចំនួន ៥០០ដុល្លារ។

ក្រោយមកឈ្មោះ ថា ឡាវី បានបង់រំលស់ថ្លៃដីនោះ រហូតបានចំនួន ៤៦៧៥ដុល្លារ ក៏សុំទៅមើលដីឡូតិ៍ ស្រាប់តែ ឈ្មោះ ស៊ីម តារា និងបក្ខពួក គ្មានដីឲ្យ ទើបសម្រេចដាក់ពាក្យប្តឹងទាមទារលុយដែលបង់រួចមកវិញ។

ដោយសារឈ្មោះ ថា ឡាវី បានព្យាយាមទារលុយថ្លៃដីនោះ ពីឈ្មោះ ស៊ីម តារា ដោយសន្តិវិធីយ៉ាងណា ក៏ភាគីអ្នកលក់ព្យាយាមគេចវេះរហូត ទើបសម្រេចចិត្តប្តឹងទៅតុលាការកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ដើម្បីឲ្យជួយរកយុត្តិធម៌ឲ្យតែម្តង។

សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ ក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ បានហាមឃាត់មិនឲ្យមានការលក់ដូ ដីធ្លីដោយផ្ទេរសិទ្ធិប្លង់ទន់តទៅទៀតនោះទេ ព្រោះដើម្បីការពារកុំឲ្យឈ្មួញខិតខូច យកប្លង់រឹងដីទាំងមូលទៅបញ្ចាំធនាគារ ដោយផ្ទេរសិទ្ធិដីឡូតិ៍ជាប្លង់ទន់ ឲ្យអតិថិជន លុះធនាគាររឹបអូស ដីទាំងមូល គឺពលរដ្ឋជាអ្នកទិញដីឡូតិ៍ជាអ្នករងគ្រោះ ខាងបង់លុយកាក់។

ចំណែកមតិអ្នកច្បាប់មួយចំនួន បានឲ្យយោបល់ថា ពលរដ្ឋគួរតែប្តឹងជនណា ដែលលក់ដីខ្យល់ ពីបទ ឆបោក ឬបទរំលោភលើទំនុកចិត្ត ដែលជាបទល្មើសព្រហ្មទណ្ឌ ល្អជាជាង ប្តឹងទាមទារប្រាក់ ដែលជាបណ្តឹងរដ្ឋប្បវេណី ដែលហាក់ស្រាលពេកចំពោះជនបោកប្រាស់។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋ គួរមានការប្រុងប្រយ័ត្នចំពោះការទិញដីឡូតិ៍ ដែលគេពុះលក់ផងប្រយ័ត្ន ក្លាយជាជនរងគ្រោះ ដូចស្ត្រីឈ្មោះ ថា ឡាវី ដែលចាញ់បោកលោក ស៊ីម តារា និងបក្ខពួក។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បាន បង្ហើបឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅឈ្មោះ ស៊ីម តារា ឈ្មោះ ឡាយ សំណាង និលោកចៅកោះហៅពាក់ព័ន្ធសំណុំរឿងនេះផងដែរ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print