ឃាត់ខ្លួនកូនអកតញ្ញូដែលវាយឪបែកក្បាល និងបាក់ដៃម្ខាង ព្រោះខឹងមិនឲ្យយកម៉ូតូជិះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កូនអកតញ្ញូម្នាក់ មិនស្វែងរកការងារធ្វើចិញ្ចឹមជីវិត បែរជាដើរចូលបក្ខពួកមិនល្អ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះយកទៅផឹកសុី និងជក់ថ្នាំញៀន ដល់វិលចូលផ្ទះពាក់កណ្តាលអធ្រាត្រទារយកម៉ូតូជិះទៅក្រៅផ្ទះ តែឪពុកមិនព្រមឲ្យ ស្រាប់តែទាញដំបងសំពងបណ្តាលឲ្យរបស់ធ្ងន់បែកក្បាល និងបាក់ដៃឆ្វេង ។ ករណីហិង្សារវាងកូន នឹងឪពុកបង្កើតនេះបានកើតឡើងនៅម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។

ជនរងគ្រោះជាឪពុកឈ្មោះម៉ាត់ សាលី អាយុ៦៣ឆ្នាំ ។ ចំណែកជនដៃដល់ ជាកូនអកតញ្ញូឈ្មោះ មីត ហ្វីលីន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា ក្នុងភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងច្បារមន បានឲ្យដឹងតាមការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ សមាជិកក្នុងគ្រួសារបានដេកលង់លក់អស់ហើយ ស្រាប់តែជនដៃដល់ជាកូនត្រឡប់ចូលផ្ទះវិញមានអការស្រវឹងស្រា អួទីនួ បានស្រែកទារយកកូនសោម៉ូតូ ជិះចេញក្រៅផ្ទះ ។ ពេលនោះជនរងគ្រោះជាឪពុក មិនព្រមប្រគល់សោឲ្យ ព្រោះកន្លងមក កូនម្នាក់នេះ ធ្លាប់យកទ្រព្យក្នុងផ្ទះ ទៅលក់ទិញថ្នាំញៀន ។ លុះទារម៉ូតូ មិនបានដូចបំណង កូនអកតញ្ញូម្នាក់នេះ ក៏ស្ទុះទាញដំបងសំពងឪពុក បណ្តាលឲ្យបែកក្បាល និងបាក់ដៃឆ្វេង រងរបួសធ្ងន់ធ្ងរ ។

លោកអធិការក្រុង បានឲ្យដឹងថា ក្រោយរងរបួស ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យដើម្បីព្យាបាល ហើយប្តឹងសមត្ថកិច្ច ចាត់ការជនដៃដល់តាមច្បាប់ ។ លុះដល់ព្រឹកថ្ងៃដដែល សមត្ថកិច្ចបានចុះឃាត់ខ្លួនជនដៃដល់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងណៀនម្នាក់នេះ មកសាកសួរ ហើយក្រុមគ្រួសារ បានស្នើឲ្យសមត្ថកិច្ច ចាត់ការជនដៃដល់ឲ្យបានធ្ងន់ធ្ងរតាមច្បាប់កុំមានការយោគយល់ ។

បន្ទាប់ពីសមត្ថកិច្ច សាកសួរ និងកសាងសំណុំរឿងរួច ក៏បានបញ្ជូនជនដៃដល់ឡើងតុលាការ ចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print