ភ្នំពេញ ៖ លោករដ្ឋមន្ត្រី លឹម គានហោ បានដាក់ចេញទិសដៅកំណត់អំពីរបៀបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានពិនិត្យ និងពិភាក្សាអង្គប្រជុំបានឯកភាពលើសេចក្តីព្រាង សេចក្តីសម្រេច ដែលសេចក្តីសម្រេចនេះនឹងចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី នាពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យគ្រប់ថ្នាក់ដឹកនាំទាំងអស់បន្តធ្វើការរួមគ្នាឲ្យបានកាន់តែសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយលោកដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងឲ្យកាន់តែប្រសើរខ្លាំងឡើងថែមទៀត។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ នៅពេលលោកបានអញ្ជើញដឹកនាំប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
មានមតិបើកកិច្ចប្រជុំលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់តាំង លោកបន្តដឹកនាំក្រសួងធនធានទឹក និងឧតុនិយម សម្រាប់អណត្តិទី៦ ហើយលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចដោយបាននាំមកនូវសមិទ្ធផល និងជោគជ័យគួរជាទីមោទនៈសម្រាប់ក្រសួងក្នុងអណត្តិកន្លងមក ៕ ដោយ ៖ សុខ ខេមរា