តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួននារីម្នាក់​ ពីបទនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិន ដើម្បីធ្វើប្រពន្ធ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ផន សុខណេង ភេទស្រី ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ បន្ទាប់ពីកម្លាំងនគរបាលការិយា​ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើបង្ក្រាប និងឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយបញ្ជូនមកកាន់តុលាការចាត់ការតាមនីតិវិធី ។

តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៥១៣ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ពីបទនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០១៨។

ជនជាប់ចោទឱ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការ ពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យឈ្មោះ ផន សុខណេង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ។ ក្រោយពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print