លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ៖ «ទីណាដែលប្រជាពលរដ្ឋជួបការលំបាកដោយវិបត្តិផ្សេងៗ ត្រូវ តែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច»

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកអំណោយសង្គ្រោះបន្ទាន់ទៅ ចែកជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកបឹងទន្លេសាប៥១គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរស្រុកជម្លៀសឲ្យមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ។

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានលើកឡើងថា «ទីណាដែលប្រជាពលរដ្ឋជួបការលំបាក ដោយវិបត្តិផ្សេងៗដែលទាក់ទងទៅនឹងកង្វះខាតក្នុងជីវភាពរស់នៅ ឬរងគ្រោះដោយធម្មជាតិ ដូចជាគ្រោះរាំង ស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះជាដើម គឺទីនោះត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច» ។

លោកស្រីបានបញ្ជាក់ថា នេះគឺជាកំណត់ត្រាឆន្ទៈ នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវបានបញ្ជ្រាបចូលទៅក្នុងឆន្ទៈនៃប្រតិបត្តិករការងារមនុស្សធម៌ ដើម្បីបញ្ចេញសកម្មភាពលើគ្រប់ផ្នែកទាំងការអំពាវនាវស្វែងរកមូលនិធិសប្បុរសធម៌តាមគ្រប់រូបភាព តាមរយៈនៃការបំផុលចលនាវប្បធម៌ចែករំលែក និងការដឹកជញ្ជូនអំណោយទៅកាន់គោលដៅនៃការជួយ សង្គ្រោះ។

លោកស្រីអនុប្រធាន ក៏បានបញ្ជាក់បន្ថែមថា ពាក្យថាអំណោយសង្គ្រោះបន្ទាន់ វាពិតជាសកម្មភាពមួយ ដើម្បីជួយចម្លងបងប្អូនឆ្លងកាត់លំបាកមួយគ្រាតែប៉ុណ្ណោះ ដូច្នេះសង្ឃឹមថា បងប្អូននឹងមានជីវភាពរស់នៅជាប្រក្រតីឡើងវិញ ក្រោយពេលដែលទឹកជំនន់បានដកថយទៅវិញ។ ម៉្យាងទៀតបងប្អូនទាំងអស់ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលភូមិដ្ឋាន រងការលិចទឹកចំពោះកូនចៅ កុមារតូចៗ កុំឲ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារនៅពេលមានទឹកជំនន់នេះ។

ក្នុងនោះលោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះអង្គការទស្សនៈពិភពលោក ដែលបានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភនូវសម្ភារមួយចំនួនដល់បងប្អូនរងគ្រោះផងដែរ។

អំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់បឹងទន្លេសាបនៅភូមិព្រៃប្រស់ ឃុំសង្វើយ ទាំង៥១គ្រួសារ ក្នុង១គ្រួសារទទួលបាន មុង១, ក្រមា និងខោអាវ១កញ្ចប់, ត្រីខ១យួរ, មី១កេស, អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ២យួរ, តង់១ និងថវិកា៥០,០០០រៀល និងឧបត្ថម្ភដល់ជនពិការនូវរទេះរុញ១គ្រឿង, ត្រីខ១យួរ, មី១កេស, អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ២យួរ ឃីត១កញ្ចប់ និងថវិកា៥០,០០០រៀល ក្នុងនោះព្រះអនុគុណស្រុកជីក្រែង ក៏បានប្រទានបច្ច័យបន្ថែម១០ម៉ឺនរៀល ព្រមទាំងជូនថវិកា២០ម៉ឺនរៀល ដល់លោកយាយចាស់ជរា ដែលជាអំណោយផ្ទាល់របស់លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ៕ NKD

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print