អាមេរិក-ចិន ចាប់ផ្តើម«វាយប្រហារគ្នា »ក្នុងសង្គ្រាមពាណិជ្ជកម្ម

ចែករំលែក៖

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិនបានឈានមួយជំហាន ទៅមុខទៀត ដែលកាន់តែគ្រោះថ្នាក់ នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីរ លើពិភពលោក ចាប់ផ្តើមអនុវត្ត ដំឡើងពន្ធ ដាក់គ្នា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចដំឡើងពន្ធ លើទំនិញផលិតផលនាំចូលពីចិន មានទឹកប្រាក់ ២០០ពាន់លានដុល្លារ ចាប់ពីថ្ងៃនេះទៅ ។ ក្នុងថ្ងៃជាមួយគ្នាចិន ក៏បានសម្រេចដំឡើងពន្ធនាំចូលពីអាមេរិក ៦០ពាន់លានដុល្លារ ផងដែរ ។ សារព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា ការវាយប្រហារ សងសឹកគ្នា ទៅវិញទៅមកនឹងធ្វើឲ្យ ប្រទេសទាំងពីរធ្លាក់ ក្នុងដំណាក់កាលអាក្រក់បំផុត។

គួរជម្រាបថា ផលិតផលចិនដែលទទួលរងការដំឡើងពន្ធថ្មីពីអាមេរិក រួមមានចាប់តាំងពី ម៉ាស៊ីនបូមធូលី រហូតដល់ឧបករណ៍តភ្ជាប់អ៊ីនធើណែត ខណៈផលិតផលអាមេរិក ដែលរងចំណាត់ការពីចិនវិញ រួមមានឧស្ម័នធម្មជាតិ និងប្រភេទយន្តហោះមួយចំនួន។

ក្រោយការដំឡើងពន្ធចូលជាធរមាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកនឹងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន រហូតដល់ ទទួលបានអ្វីដែលអាមេរិកចង់បាន ។

តាមសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា សហរដ្ឋអាមេរិក នឹងទទួលបានជ័យជំនះនៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន ហើយថា សង្រ្គាមនេះនឹងបន្តធ្វើរហូតទាល់តែទីក្រុងវ៉ាស៊ីនតោន ទទួលបានអ្វីដែលខ្លួនសមនឹងទទួលបាន។

ការលើកឡើងបែបនេះ របស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ និងនៅក្នុងបរិបទដែលការដំឡើងពន្ធដាក់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក នឹងចិន ត្រូវចូលជាធរមាន ។ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក កំពុងបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងថាវាអាចនឹងបំផ្លាញដល់ កំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងបង្កទៅជាវិបត្តិសេដ្ឋកិច្ចផងដែរ។ តែទោះជាយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីការបរទេសអាមេរិក នៅតែបញ្ជាក់ជំហរម៉ឺងម៉ាត់ដដែលថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនរហូតដល់ទីបំផុត។

លោក ប៉ុមប៉េអូ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងទទួលបានជ័យជម្នះ ហើយ យើងនឹងបន្តធ្វើសង្រ្គាមពាណិជ្ជកម្មរហូតទាល់តែយើង ទទួលបានអ្វីដែលយើងសមនឹងទទួលបាន»។ លោក ប៉ុមប៉េអូ បន្ថែមទៀតថា៖ «អ្នក(ចិន) មិនអាចលួចកម្មសិទ្ធិបញ្ញារបស់យើងបានឡើយ ផ្អែកលើគោលការណ៍នៃពាណិជ្ជកម្មពិភពលោកនោះគឺ យុត្តិធម៌ និង នឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

សូមជម្រាបថា ការដំឡើងពន្ធជុំចុងក្រោយរបស់សហរដ្ឋអាមេរិកលើផលិតផលនាំចូលពីចិន មានតម្លៃជាង២០០ពាន់លានដុល្លារ ត្រូវចូលជាធរមាននៅថ្ងៃចន្ទ ទី២៤ ខែកញ្ញានេះ ខណៈការដំឡើងពន្ធរបស់ចិន លើផលិតផលនាំចូលពីសហរដ្ឋអាមេរិកមានតម្លៃ ៦០ពាន់លានដុល្លារ ក៏ត្រូវចូលជាធរមាននៅក្នុងថ្ងៃដដែលនេះដែរ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន ថាសហរដ្ឋអាមេរិកនឹងដំឡើងពន្ធឱ្យដល់២៦៧ពាន់លានដុល្លារ បើសិនជាចិនចាត់វិធានការសងសឹក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print