ក្រុមជនសង្ស័យ៣នាក់ត្រូវនគរបាលចាប់ខ្លួនក្រោយពី ព្រួតវាយយុវជនម្នាក់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

កណ្ដាលៈ ក្រុមជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួនក្រោយពីជនសង្ស័យខាងលើនេះ បាននាំគ្នាព្រួតវាយទៅលើយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។

ករណីហិង្សាបណ្ដាលឲ្យមនុស្សស្លាប់ខាងលើនេះ គឺបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាបមានគ្នា៣នាក់ ទី១-ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ទី២-ឈ្មោះ វ៉ិត ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣-ឈ្មោះ ធឿន សុខថេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។

ជនសង្ស័យទាំង៣នាក់ខាងលើមានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនឈ្មោះ ខុំ ឃាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបជាងសំណង់ និងម្នាក់ទៀតឈ្មោះ យឿន វីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ភឹម ដា ហៅពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងជនរងគ្រោះម្នាក់ទៀតរបួសស្រាលមានឈ្មោះ គឿន កែវ ភេទ ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានដុំឥដ្ឋប្រហោងចំនួន៦ដុំ ។

ប្រភពដដែលបន្ដថា កន្លងមកក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះធ្លាប់មានទំនាស់គ្នារហូតបានក្លាយជាគំនុំគំគួនគ្នា លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមជនសង្ស័យនិងក្រុមជនរងគ្រោះបានជិះម៉ូតូជួបគ្នា រួចក៏បានដេញវាយគ្នារហូតមកដល់ចំណុចភូមិ/ឃុំកើតហេតុ ភ្លាមនោះក្រុមជនសង្ស័យក៏បាននាំគ្នាយកដុំឥដ្ឋប្រហោងគប់ទៅលើក្រុមជនសង្ស័យ បណ្ដាលឲ្យត្រូវចំកញ្ចឹងក.ឈ្មោះ ភឹម ថា ហៅពៅ ដែលបើកម៉ូតូឌុបឈ្មោះ គឿន កែវ និងធ្វើឲ្យម៉ូតូដួល ក្រុមទាំងពីរបានជិះម៉ូតូជួបគ្នា ហើយក៍បានដេញវាយនិងគប់គ្នារហូតដល់ចំនុចកើតហេតុ ភាគីខាលើជនសង្ស័យបានយកដុំឥដ្ឋប្រហោង គប់ទៅលើក្រុមជនរងគ្រោះ ធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះដួលធ្លាក់ទៅចិញ្ចើមផ្លូវម្ខាង បន្ទាប់មកជនសង្ស័យឈ្មោះ កាន សម្បត្តិ និងបក្ខពួកបាននាំគ្នាចូលទៅវាយលើជនរងគ្រោះទាំង២នាក់បន្ថែមទៀត ភ្លាមនោះជនរងគ្រោះឈ្មោះ គឿន កែវ ត្រូវបានជនសង្ស័យឈ្មោះ កាន សម្បត្តិ វ៉ៃត្រូវកចំនួន១ដៃ ភ្លាមនោះជនរងគ្រោះឈ្មោះ គឿន កែវ ក៏បានរត់គេចខ្លួន ។

លុះបានប្រហែល១០នាទីក្រោយមកក៏បានដើរមកមើលជនរងគ្រោះឈ្មោះ ភឹម ដា ហៅពៅ ដែលកំពុងដួលសន្លប់នៅជិតម៉ូតូមានឈាមក្បាលនិងដងខ្លួនផងដែរ រួចក៏លើកជនរងគ្រោះដាក់លើម៉ូតូដឹកយកទៅផ្ទះ ។ ដោយស្ថានភាពជនរងគ្រោះឈ្មោះ ភឹម ដា ហៅពៅមានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រួសារក៏បញ្ជូនទៅពេទ្យសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ លុះមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះបានស្លាប់នៅមន្ទីពេទ្យតែម្ដង ។

ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង សាច់ញាត់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់យកមកចាត់ការតាមច្បាប់ ។

ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ បានសហការជាមួយនគរបាលផ្នែកនគរបាលយុត្ដិធម៌ស្រុក បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន៣នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួនត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print