ទិវាបេតិកភណ្ឌស្ថានទូតបារាំងបើកទ្វារទទួលសាធារណជនចូលទស្សនា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងប្រារព្ធ«ទិវាបេតិកភណ្ឌ»ជាលើកទី៤នៅថ្ងៃសៅរ៍ទី២៩ខែកញ្ញានេះចាប់ពីម៉ោង៨ព្រឹកដើម្បីផ្តល់ឱកាសឱ្យសាធារណជនចូលទស្សនាស្វែងយល់ពីអគារនានារបស់ស្ថានទូតរួមទាំងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតនិងឧទ្យានទំហំ៤,៥ហិចតាដែលជាលំហបៃតងដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។

ជាកន្លែងប្រវត្តិសាស្រ្តស្ថានទូតបារំាងស្ថិតនៅទីតាំងដដែលនេះអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ស្ថានទូតត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះឆ្នាំ១៩៩៣និងឆ្នាំ១៩៩៥ដោយក្រុមហ៊ុនបារាំងមួយដែលបានប្រើប្រាស់រចនាសម្ព័ន្ធអគារចាស់ៗដើម្បីបង្កើតជាបណ្តុំអគារថ្មីមួយមានលក្ខណៈសមសួនជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។នៅក្រោមប្រធានបទ«ទៅប្រទេសបារាំង»ទិវាបេតិកភណ្ឌឆ្នាំនេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់កាន់តែច្បាស់អំពីប្រទេសបារាំងនិងភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌរបស់ប្រទេសនេះ។បារាំងមិនត្រឹមតែជាគោលដៅទេសចរណ៍ធំជាងគេក្នុងពិភពលោកដោយទទួលបានភ្ញៀវជាង៨០លាននាក់ក្នុងមួយឆ្នាំប៉ុណ្ណោះទេតែក៏ជាប្រទេសដ៏ធំមួយដែលទទួលនិស្សិតអន្តរជាតិឱ្យទៅសិក្សា។ទិវាបេតិកភណ្ឌនេះនឹងជាឱកាសមួយផងដែរក្នុងការស្វែងយល់អំពីសិល្បៈនៃការរស់នៅនិងជំនាញរបស់បារាំងដោយមានវត្តមានក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់Christofle។

ផ្តួចផ្តើមឡើងដោយប្រទេសបារាំងទិវាបេតិកភណ្ឌបច្ចុប្បន្នត្រូវបានប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាប្រមាណ៥០។នៅកម្ពុជាអគារដ៏ស្រស់ស្អាតផ្សេងទៀតក៏នឹងបើកទ្វារទទួលសាធារណជនចូលទស្សនាផងដែរក្នុងនោះមាន៖សាលារាជធានីភ្នំពេញនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលីការិយាល័យអង្គការយូណេស្កូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងសាលាបារាំងដេកាតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអភិរក្សអង្គរនៅសៀមរាបសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញនិងមហាសណ្ឋាគារអង្គរនៅខេត្តសៀមរាប។ម៉ោងពេលនិងបែបបទនៃការទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ។លោកអ្នកអាចស្វែងយល់ព័ត៌មានបន្ថែមនៅលើទំព័រហ្វេសប៊ុកwww.facebook.com/HeritageDayKH ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print