ខេត្តកណ្តាល៖ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំនឹកឃើញគំនុំចាស់ ជិះម៉ូតូទៅបបួលគូរទំនាស់វាយគ្នា រហូតធ្វើឲ្យគូរទំនាស់អត់ទ្រាំមិនបានក៏ស្ទុះទាញយកកាំបិតចិតបន្លែចាក់ប្រហារបណ្តាលឲ្យរងរបួសជាច្រើនកន្លែងរហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ក្រោយពីកើតហេតុជនដៃដល់បានទម្លាក់កាំបិតចោលរត់គេចខ្លួនបាត់ស្រមោល ។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចខាងមុខផ្ទះរបស់ឈ្មោះ សល់ គឹមពុទ្ធារិទ្ធ ស្ថិតក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ហាស់ ពិសាខ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាចកណ្តាល ។ ជនរងគ្រោះរូបនេះត្រូវជនដៃដល់ចាក់ប្រហារជាច្រើនកាំបិត បណ្តាលឲ្យរងរបួស១២កន្លែងនៅលើផ្ទៃមុខ ,ដើមទ្រូង និងដៃផងដែរ ។ ជនដៃដល់មានឈ្មោះ មុយ សាមៀច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបានស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះ មុយ សាមៀច បាននៅអង្គុយផឹកស្រាជាមួយឈ្មោះ សល់ គឹមពុទ្ធារិទ្ធ ,ឈ្មោះផេង កុសល់ និងឈ្មោះ ធន់ ជីវ៉ា ។ ពេលកំពុងអង្គុយផឹកស្រានោះស្រាប់តែជនរងគ្រោះឈ្មោះ ហាស់ ពិសាខ ជិះម៉ូតូទៅឈប់ក្បែរនោះបបួលជនដៃដល់វាយគ្នា ខណៈនោះជនដៃដល់មិនបានមាត់.កអ្វីឡើយ ។ ឃើញដូច្នេះជនរងគ្រោះបានស្ទុះចូលទៅយកកែវស្រានៅក្នុងវង់វាយក្បាលជនដៃដល់ បណ្តាលឲ្យបែកហូរឈាម ទើបដើរឡើងទៅអង្គុយលើម៉ូតូរបស់ខ្លួនវិញហើយស្រែកទៅកាន់ជនដៃដល់ថា “ឯងចាំមើលទៅ” ។
ប្រភពដដែលបានបន្តទៀតថា ពេលឮយ៉ាងដូច្នេះជនដៃដល់បានស្ទុះទាញយកកូនកាំបិតចិត្តបន្លែនៅក្នុងវង់ផឹស៊ីចាប់គ្រៀកជនរងគ្រោះពីក្រោយចាក់ប្រហារជាច្រើនកាំបិត ធ្វើឲ្យជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានទម្លាក់កាំបិតចោលរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានសហការជាមួយនគរបាលស្រុកខ្សាច់កណ្តាលបើកប្រតិបត្តិការស្រាវជ្រាវ ដើម្បីចាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា រវាងជនដៃដល់និងជនរងគ្រោះកន្លងមកធ្លាប់មានទំនាស់គ្នា ។ ពេលផឹកស្រាស្រវឹងនឹកឃើញគំនុំចាស់ក៏ជិះម៉ូតូមកបបួលគូរទំនាស់វាយគ្នា រហូតធ្វើឲ្យគូរទំនាស់អត់ទ្រាំមិនបានក៏ទាញកាំបិតចាក់ប្រហារស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ៕
ដោយ៖ ស្អាងជ័យ