អេសស៊ីជី បន្តគាំទ្រដល់សិស្សអាហារូបករណ៍ រយៈពេលវែងនៅសកលវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេក្នុងតំបន់អាស៊ាន បានផ្ដល់អាហារូបករណ៍ថ្នាក់សកលវិទ្យាល័យដល់និស្សិតចំនួន ១០ រូប ដែលជាសិស្សពូកែ ចេះគោរពដល់អ្នកដទៃ និងមានទឹកចិត្តមុតមាំក្នុងការបន្តការសិក្សា។ អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែក រំលែកក្ដីសុបិនដែលកម្មវិធីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្ដល់ឱកាសសិក្សាល្អប្រសើរសម្រាប់សិស្សានុសិស្ស នៅតាមបណ្ដាប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ។

នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំប្រទេសកម្ពុជាលោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) បានមានប្រសាសន៍ទៅកាន់ក្រុមនិស្សិតអាហារូបករណ៍ក្នុងពិធីប្រគល់ប្រាក់អាហារូបករណ៍ នៅឯការិយាល័យរបស់ក្រុមហ៊ុនអេសស៊ីជីប្រចាំទីក្រុងភ្នំពេញ ថា ក្រុមហ៊ុនអេសស៊ីជីមានការតាំងចិត្តក្នុងការគាំទ្រដល់និស្សិតកម្ពុជា ដែលមានអត្តចរិតល្អ និងមានការតាំងចិត្តក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។លោក ស៊ុម វ៉ាង បានមានប្រសាសន៍ថា៖ យើងជឿថា ការអប់រំគឺជាគន្លឹះសំខាន់សម្រាប់កំណើនប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជា។

គោលបំណងរបស់យើងគឺធ្វើយ៉ាងណា ជួយគាំទ្រដល់និស្សិត ដែលនឹងជួយរួមចំណែកដល់សហគមន៍មូលដ្ឋានរបស់ខ្លួនវិញទៅថ្ងៃក្រោយ។ យើងចង់ឲ្យនិស្សិតអាហារូបករណ៍បានសម្រេចគោលដៅរបស់ខ្លួន និងក្លាយជាពលរដ្ឋល្អ តាមរយៈការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីតបស្នងដល់សង្គមរបស់ខ្លួនវិញ

កញ្ញា ឈន សុខអាយ ជានិស្សិតអាហារូបករណ៍អេសស៊ីជី ដែលបច្ចុប្បន្នកំពុងសិក្សាមុខវិជ្ជាវេជ្ជសាស្ត្រនៅ សកលវិទ្យាល័យន័រតុន បានចែករំលែកពីដំណើររឿងរបស់គាត់ ក្រោយពេលចប់ពិធីប្រគល់អាហារូបករណ៍ដល់និស្សិតទាំងនោះ។កញ្ញា បានថ្លែងថា៖ អាហារូបករណ៍នេះគឺជាស្ពានដើម្បីសម្រេចក្ដីសុបិនរបស់ខ្ញុំឲ្យបាន។ ខ្ញុំចង់ក្លាយជាគ្រូពេទ្យ បន្ទាប់ពីមើលឃើញថា មនុស្សជាច្រើនមិនមានលទ្ធភាពចំណាយលើថ្លៃព្យាបាលបាន។ ប៉ុន្តែ ការសិក្សាមុខវិជ្ជាវេជ្ជសាស្ត្រនេះ ត្រូវការប្រាក់ដើម្បីចំណាយច្រើន ធ្វើឲ្យគ្រួសារពិបាក។

នេះជារឿងលំបាកសម្រាប់ខ្ញុំ ដូច្នេះ ខ្ញុំបានចំណាយពេលទំនេរដើម្បីរកប្រាក់ខ្លះដោយធ្វើការក្រៅម៉ោង។ ខ្ញុំសូមអរគុណដល់កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន ដែលបានផ្ដល់អាហារូបករណ៍នេះមកដល់រូបខ្ញុំ ដើម្បីឲ្យខ្ញុំអាចផ្ដោតលើការសិក្សាបានកាន់តែខ្លាំង និងសម្រេចគោលដៅក្លាយជាវេជ្ជបណ្ឌិតល្អម្នាក់

និស្សិតម្នាក់ទៀតឈ្មោះ ខាន់ សំណាង បានទទួលការគាំទ្រពីកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិនតាំងពីវិទ្យាល័យមក ហើយបច្ចុប្បន្នក៏បានទទួលអាហារូបករណ៍ពីអេសស៊ីជីសម្រាប់ថ្នាក់សកលវិទ្យាល័យបន្តទៀត។ សំណាងបាននិយាយថា៖ ខ្ញុំមានបំណងក្លាយជាវិស្វករសំណង់ស៊ីវិលមួយរូប ហើយចង់ប្រើប្រាស់ជំនាញ និងចំណេះដឹងរបស់ខ្ញុំដើម្បីចូលរួមចំណែកដល់ប្រទេសរបស់ខ្ញុំ ក្នុងការអភិវឌ្ឍ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ ក្រោយពីទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានៅវិទ្យាល័យ ទើបខ្ញុំមានទឹកចិត្ត និងបានដឹងពីរបៀបដើម្បីតបស្នងដល់សង្គមវិញ។ សព្វថ្ងៃ ខ្ញុំកំពុងសិក្សានៅមហាវិទ្យាល័យ ហើយខ្ញុំកំពុងខិតទៅរកការសម្រេចបានក្ដីសុបិនរបស់ខ្ញុំហើយ

និស្សិតអាហារូបករណ៍សកលវិទ្យាល័យទាំង ១០ រូបនេះ សុទ្ធតែធ្លាប់ទទួលបានអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ ក្រោមកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន។ ក្រៅពីនេះ ក្រុមហ៊ុនអេសស៊ីជី នឹងបន្តគាំទ្រផ្ដល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យចំនួន ២៥០ រូបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍រយៈពេលវែងរបស់ខ្លួននេះ។ ចាប់តាំងពីឆ្នាំ ២០១៤ មក មានសិស្សប្រមាណជិត ១០០០ នាក់ហើយ មកពីរាជធានីភ្នំពេញ ខេត្តកំពត និងកណ្ដាល ដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនអេសស៊ីជីសម្រាប់ការសិក្សារបស់ខ្លួន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print