ខេត្ត ស្វាយរៀង ៖ជាងសំណង់ចំនួន ១៦ នាក់មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង បានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់ នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីពេលថ្មីៗ ហើយក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះ មានសិទ្ធិចូលរួមការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំនៅចុងឆ្នាំនេះ។
បេក្ខជនត្រូវបានបែងចែកជា ៨ ក្រុម ដែលមួយក្រុមមានគ្នាពីរនាក់ ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍។ ការប្រកួតនេះបានធ្វើឡើងនៅឯដេប៉ូសំណង់ អៀង ង៉ែត ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនអេសស៊ីជីប្រចាំខេត្តស្វាយរៀង។
លោកស្រី អៀង គឹមឡាយ តំណាង ដេប៉ូសំណង់ អៀង ង៉ែត បានថ្លែងថា៖ “ខ្ញុំគិតថា ការរៀបចំឲ្យមានការប្រកួតជាងសំណង់នេះ គឺវាល្អមែនទែន ពីព្រោះកម្មវិធីនេះបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនអេសស៊ីជី និងក្រសួងការងារ ដើម្បីជួយពង្រឹងសមត្ថភាពរបស់ជាងនៅក្នុងប្រទេសកម្ពុជា។ ហើយខ្ញុំគិតថា ពួកគាត់នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុន ដោយសារថ្វីដៃរបស់គាត់ហ្នឹង ហើយនិងទំនុកចិត្តរបស់ម្ចាស់ផ្ទះ។”
ការប្រកួតជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរកន្លែងក្នុងរាជធានីភ្នំពេញ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI)។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ “បន្ទាប់ពីបានសង្កេតឃើញការប្រកួតពីមួយលើកទៅមួយលើក យើងបានពិនិត្យឃើញថា ទឹកដៃ ល្បឿន និងគុណភាពការងាររបស់ជាងសំណង់ទាំងនេះគឺប្រពៃខ្លាំងណាស់ ហើយនេះជាតឹកតាងបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមានដែលកើតចេញពីវគ្គបណ្ដុះបណ្ដាលរបស់យើង។ ដោយសារតែជំនាញមានការកើនឡើងដូច្នេះ ខ្ញុំរំពឹងថា ជាងសំណង់ទាំងនេះនឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនទៅថ្ងៃអនាគត”។ លោកបានបន្ថែមទៀតថា៖ “ការរីកចម្រើននូវជំនាញរបស់ជាងសំណង់ គួបផ្សំនឹងផលិតផល និងសម្ភារសំណង់ថ្មីៗ ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ជាពិសេសគឺផលិតផល និងសម្ភារសំណង់ដែលមានគុណភាពពីអេសស៊ីជី នឹងធានាបានថា បទដ្ឋាន និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងជាប់ជានិច្ច។”
ការប្រកួតជម្រុះថ្នាក់តំបន់សម្រាប់ជាងសំណង់នេះ កំពុងត្រូវបានរៀបចំនៅតាមបណ្ដាខេត្ត និងទីក្រុងនានាទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះ ជាងសំណង់ប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់ គឺស៊ីម៉ង់ត៍ ខេ-ស៊ីមេន របស់អេសស៊ីជី សម្រាប់ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍ ហើយប្រើប្រាស់ក្បឿងអេសស៊ីជីក្នុងការប្រកួតប្រក់ដំបូល។
រាល់បេក្ខជនដែលចូលរួមសុទ្ធតែទទួលបានវិញ្ញាបនប័ត្រពីកម្មវិធីបណ្ដុះបណ្ដាល ហើយក្រុមដែលទទួលជ័យជំនះសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២ លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ។ជ័យលាភីក្នុងការប្រកួតក្នុងខេត្តស្វាយរៀងគឺបានទៅក្រុមលោក ព្រំ ភ័ក្រ្ត និងលោកតេត គង់ ដែលមកពីខេត្តព្រៃវែង ។
លោកព្រំ ភ័ក្ត្រ បានថ្លែងថា៖ “ខ្ញុំមានអារម្មណ៍សប្បាយដោយសារ ក្រុមហ៊ុនអេសស៊ីជី បានផ្ដល់ជ័យជំនះឲ្យ។ ខ្ញុំគិតថា លំបាកដែរ ប៉ុន្តែ ថ្ងៃនេះខ្ញុំក៏បានខំប្រឹង ហើយក៏បានជ័យជំនះនៅក្នុងថ្ងៃនេះ។ ថ្ងៃខាងមុខ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចយកឈ្នះនៅពេលប្រកួតជាមួយនឹងខេត្តផ្សេងៗទៀត។ ថ្ងៃខាងមុខខ្ញុំសង្ឃឹមថា ការងាររបស់ខ្ញុំនឹងលូតរីកចម្រើន ខ្ញុំនឹងអាចមានការងារធ្វើបន្តពីមួយកន្លែងទៅមួយកន្លែងបាន ហើយជួយឲ្យជីវភាពរបស់ខ្ញុំអាចធូរស្រាលជាងនេះទៅទៀត”៕ ដោយ វឌ្ឍនា