ខេត្តកំពង់ឆ្នាំង ៖ តៃកុងឡានម្នាក់ និង ព្រូឡានម្នាក់បានរងរបួសបែកក្បាល បន្ទាប់ពីអ្នកបើកបររថយន្តម្ខាងទៀតបើកឡានមកស្ទាក់វ៉ៃ ក្រោយពីជនបង្ករសុំបើកឡានជែងមិនបានដើម្បីទៅដណ្តើមម៉ូយខាងមុខ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ ១-ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ២-ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅភូមិសំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ដោយឡែកជនបង្ករ មានឈ្មោះ ហឹិង្សាដោយចេតនា១-ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ នួន លាភ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានអោយដឹងទៀតថា តាមចម្លើយសារភាពរបស់ភាគីទាំងសងខាង បានអោយដឹងថា នៅមុនពេលកើតហេតុ ភាគីខាងរងគ្រោះបានបើករថយន្តក្រុងរបស់ខ្លួនមានដឹកភ្ញៀវពីភ្នំពេញទៅបាត់ដំបង និង បានហៅភ្ញៀវតាមផ្លូវដាក់រហូត ។ ពេលនោះភាគីអ្នកបើករថយន្តបង្ករបានបើកវ៉ាជែងចាប់តាំងពីឧត្តុង្គមក តែបើកវ៉ាជែងមិនបានដោយ ភាគីខាងរងគ្រោះមិនអោយបើកវ៉ាជែង ។
ពេលនោះខាងភាគីបង្ករកើតក្តីក្តៅក្រហាយ រួចបើកតាមឡានភាគីរងគ្រោះមករហូត ដល់ពេលមកដល់ចំណុចមុខខ្លោងទ្វារវត្តធម្មយុត្តិ ភាគីរថយន្តរងគ្រោះបានឈប់ដាក់ភ្ញៀវចុះ ឃើញឱកាសល្អក្រុមភាគីបង្ករបានបើករថយន្តមកពាំងពីមុខរួចរករករឿង និងបានម្នាក់កាន់ដែកថ្នាំងអំពៅ និង ម្នាក់កាន់ដែកសោម៉ាលែត មកវាយភាគីរងគ្រោះ បណ្តាលរងរបួសបែកក្បាលទាំងពីរនាក់តែម្តង ក្រោយពេលកើតហេតុ ក្រុមជនបង្ករ បានបើកឡានរត់គេច ប៉ុន្តែពេលបើកមកដល់មុខបេនឡានខេត្តកំពង់ឆ្នាំងក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនិងវត្ថុតាង មានដែកថ្នាំងអំពៅ និង សោម៉ាលែត យកមកអធិការដ្ឋាននគរបាលក្រុងតែម្តង ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា