ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានយកកាំភ្លើងកែច្នៃពួនស្ទាក់បាញ់ជនរងគ្រោះ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នគរបាលស្រុកគូលែនបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំភ្លើងកែច្នៃ (កាប៊ីន) ពួនស្ទាក់ចាំបាញ់ជនរងគ្រោះឈ្មោះ ពៅ ដៀម បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគូលែន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារហើយ ក្រោយជនរងនេះបានបំភ្លឺនៅចំពោះមុខសមត្ថកិច្ចពីទោសកំហុស ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ អធិការនគរបាលស្រុកគូលែន បានទទួលពាក្យបណ្តឹងពីឈ្មោះ ពៅ ដៀម ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅចំណុចព្រៃវែងស្ថិតក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានមកដាក់ពាក្យបណ្តឹងប្តឹងចោទលើឈ្មោះ យោន អ៊ីវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំជាមួយគ្នា ក្នុងករណីប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ នៅចំណុចព្រៃវែង ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានមាន អាវុធកែច្នៃប្រភេទកាប៊ីន នេះទើបតែចុះរាវរកឃើញនៅក្នុងស្រះទឹក ក្នុងដីឡូតិ៍របស់ជនសង្ស័យ ខាងជើងឈៀងខាងលិចផ្ទះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨
ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងកោះហៅជនសង្ស័យមកសាកសួរបំភ្លឺ បន្ទាប់មកជនសង្ស័យឈ្មោះ យោន អ៊ីវ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងកែច្នៃ (កាប៊ីន) ពួនស្ទាក់ចាំបាញ់ឈ្មោះ ពៅ ដៀម តែបាញ់មិនត្រូវ ពិតប្រាកដមែន ។

ជនសង្ស័យបំភ្លឺទៀតថា មូលហេតុដែលខ្លួនហ៊ានធ្វើសកម្មភាពបែបនេះ ដោយសារឈ្មោះ ពៅ ដៀម ចោទខ្លួនថា ចេះអំពើអាបធ្មប់ធ្វើឲ្យម្តាយស្លាប់ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកគូលែន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print