ខេត្ដព្រះសីហនុ៖ អាជ្ញាធរស្នើឱ្យ ប្រជាពលរដ្ឋដែលមានទីលំនៅមិនស្របច្បាប់ក្នុងតំបន់ដីអនុក្រឹត្យលេខ៧៦ សម្រាប់រក្សាប្រភពទឹកស្អាតឱ្យរុះរើផ្ទះ ឬសំណង់ផ្សេងៗចេញពីទីតាំងនោះឱ្យ បានមុនថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ បើមិន ដូច្នេះទេអាជ្ញាធរនឹងកម្ទេចសំណង់ទាំង នោះចោលហើយមិនទទួលខុសត្រូវការ បាត់បង់សម្ភារផ្សេងៗនោះទេ ។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានចុះហត្ថ លេខា និងបោះត្រាដោយលោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុនិងលិខិតដែល យោងតាមអនុក្រឹត្យលេខ៧៦ ចុះថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៧ និងលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងយោង តាមស្មារតីនៃកិច្ចប្រជុំរបស់រដ្ឋបាល ខេត្ដព្រះសីហនុ ចុះថ្ងៃទី២០ ខែវិច្ឆិកា ។ រដ្ឋបាលសាលាខេត្ដនេះបានជូនដំណឹង ដល់សាធារណជន និងប្រជាពលរដ្ឋដែល កំពុងតាំងទីលំនៅមិនស្របច្បាប់នៅតំបន់ជម្រាលក្បាលឆាយឱ្យបានជ្រាបថា រដ្ឋ បាលខេត្ដព្រះសីហនុនឹងចាត់វិធានការ បោសសម្អាតការតាំងទីលំនៅមិនស្របច្បាប់នៅក្នុងតំបន់ព្រែកទឹកសាបក្បាលឆាយ ដោយរដ្ឋបាលខេត្ដទុកពេលវេលា ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី ឱ្យប្រជាពលរដ្ឋរុះរើលំនៅឋានដែលសង់មិនស្របច្បាប់ចេញពីតំបន់ក្បាលឆាយ។ ប៉ុន្ដែបើមិនស្ដាប់តាមការណែនាំនេះទេ នៅថ្ងៃផុតកំណត់កាលបរិច្ឆេទនេះអាជ្ញាធរនឹងចាត់វិធានការចុះរុះរើនិងមិនទទួល ខុសត្រូវរាល់ការខូចខាតសម្ភារនោះទេ ។
សេចក្ដីជូនដំណឹងដដែលរំពឹងថា បង ប្អូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅមិនស្របច្បាប់នៅក្នុងតំបន់ដីអនុក្រឹត្យ លេខ៧៦រដ្ឋហាមឃាត់នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្ដដើម្បីអនុវត្ដ សេចក្ដីជូនដំណឹងនេះឱ្យទទួលបានប្រសិទ្ធភាព និងជោគជ័យ ។
ប្រជាពលរដ្ឋគាំទ្រសកម្មភាពការពារដីអនុក្រឹត្យលេខ៧៦សម្រាប់រក្សាប្រភពទឹកស្អាតរបស់រដ្ឋបាលខេត្ដព្រះសីហនុ ពេលនេះ ប៉ុន្ដែស្នើឱ្យអនុវត្ដឱ្យបានស្មើ ភាពគ្នារវាងអ្នកមានទ្រព្យធនមន្ដ្រីមានអំណាចកំពុងបម្រើការងារនៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នឱ្យបានស្មើភាពគ្នាជាមួយប្រជាពលរដ្ឋក្រីក្រហើយខ្វះដីសង់ផ្ទះពិត ប្រាកដ ។
ប្រជាពលរដ្ឋមួយចំនួនដែលបានចូលទៅតាំងទីលំនៅក្នុងដីអនុក្រឹត្យតំបន់ក្បាលឆាយ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ដ ព្រះសីហនុត្រូវអនុវត្ដសេចក្ដីជូនដំណឹង របស់ខ្លួនតែទៅលើអ្នកទន្ទ្រានកាន់កាប់ដីព្រៃតំបន់ក្បាលឆាយក្នុងពេលថ្មីៗ ។ ជាងនេះក៏ត្រូវមានការអនុគ្រោះដល់ពលរដ្ឋខ្វះដីសង់ផ្ទះពិតប្រាកដហើយបានទៅរស់នៅក្នុងតំបន់នេះជាច្រើនឆ្នាំកន្លងមក ។
ពលរដ្ឋស្នើមិនបង្ហាញអត្ដសញ្ញាណ ដែលមានផ្ទះ និងដីនៅក្នុងតំបន់ដីអនុ ក្រឹត្យលេខ៧៦តំបន់ក្បាលឆាយបាន បង្ហាញចម្ងល់ថា ហេតុអ្វីបានជារដ្ឋបាល ខេត្ដព្រះសីហនុមានវិធានការតែទៅលើពលរដ្ឋក្រីក្រខ្វះដីសង់ផ្ទះពិតប្រាកដ ប៉ុន្ដែ មិនបានចាត់ការទៅលើមន្ដ្រីមានអំណាច ដែលបានពុះច្រៀកដីអនុក្រឹត្យលក់ដូរជាឡូត៍ៗយ៉ាងអនាធិបតេយ្យទៅវិញ? ជាង នេះទៀតក្រុមមន្ដ្រី និងសាច់ញាតិដែល បានរំលោភយកដីរដ្ឋតំបន់ក្បាលឆាយ បែរជារដ្ឋបាលខេត្ដមិនបាននាំខ្លួនទៅទទួលខុសត្រូវនៅចំពោះមុខច្បាប់ទៅវិញ ។
លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ ថ្លែងថា អាជ្ញាធរនឹងការពារតំបន់ដី អនុក្រឹត្យលេខ៧៦សម្រាប់រក្សាប្រភព ទឹកស្អាតប្រើប្រាស់នៅទូទាំងខេត្ដព្រះ សីហនុឱ្យបានគង់វង្ស ។ លោកបន្ដថា ដីតំបន់អនុក្រឹត្យនេះរដ្ឋបាលខេត្ដមិន អនុញ្ញាតឱ្យមានកម្មសិទ្ធិនោះទេ ។ ដូច្នេះ ស្នើដល់សាធារណជននិងបងប្អូនប្រជា ពលរដ្ឋដែលជាប់ពាក់ព័ន្ធដីអនុក្រឹត្យនេះត្រូវលះបង់មហិច្ឆតាទន្ទ្រានកាន់កាប់ដីតំបន់ក្បាលឆាយតទៅទៀតហើយប្រគល់ដីតំបន់នេះជូនរដ្ឋគ្រប់គ្រងវិញ ។
កន្លងមកនេះថ្នាក់ដឹកនាំខេត្ដព្រះ សីហនុក៏ធ្លាប់អំពាវនាវដល់ប្រជាពលរដ្ឋដែលខ្វះដីសង់លំនៅឋានពិតប្រាកដ ហើយ បានទៅទន្ទ្រានកាប់ព្រៃដីតំបន់ក្បាល ឆាយសង់ផ្ទះខុសច្បាប់ឱ្យទៅចុះឈ្មោះជាមួយអាជ្ញាធរភូមិ-ឃុំ ឬសង្កាត់ ដើម្បី ទទួលបានដីសម្បទានសង្គមកិច្ចដែល អាជ្ញាធរត្រៀមផ្ដល់ជូនមានទីតាំងនៅ តំបន់អូរត្រជាក់ចិត្ដក្នុងស្រុកស្ទឹងហាវ សម្រាប់សង់លំនៅឋានជំនួសវិញ ៕
ដោយ៖ ហេង នរិន្ទ្រ