ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ពិតជាមានការស្មោះត្រង់ និងមានសុច្ឆន្ទៈពិតប្រាកដនៅក្នុងការរំសាយអាវុធបរមាណូ ហើយសហគមន៍អន្តរជាតិគួរតែផ្តល់រង្វាន់ដល់គាត់ ពីរឿងនេះ។
កាលពីខែមិថុនា ក្នុងជំនួបកំពូលនៅប្រទេសសិង្ហបុរី លោក គីម ជុងអ៊ុន និង ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាគ្នាឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង ។ ប៉ុន្តែតាំងពីពេលនោះមក សកម្មភាពរំសាយអាវុធធ្វើឡើងយ៉ាងយឺតយ៉ាវ ដោយសារតែប្រទេសទាំងពីរ មិនមាន ការព្រមព្រៀងច្បាស់លាស់។
ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា «នៅក្នុងឆ្នាំនេះខ្ញុំមានពេលវេលាជាច្រើន នៅក្នុងការពិភាក្សាស៊ីជម្រៅជាមួយមេដឹកនាំ គីម ជុងអ៊ុន ។ នៅក្នុងជំនួបនោះធ្វើឲ្យខ្ញុំមានទំនុកចិត្តលើមេដឹកនាំ គីម ជុងអ៊ុន ស្តីពីការសម្រេចលុបបំបាត់ បរមាណូ»។
នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងជើង បានផ្អាករាល់សកម្មភាពសាកល្បង អាវុធ បរមាណូនិងមីស៊ីល ប៉ុន្តែកូរ៉េខាងជើងមិនអនុញ្ញាតឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ទីកន្លែងសាកល្បងបរមាណូ PunggyeRiដែលកូរ៉េខាងជើង បានបំផ្លាញ ចោល កាលពីខែឧសភានោះទេ។ ចំណុចខាងលើធ្វើឲ្យអន្តរជាតិបារម្ភខ្លាចកូរ៉េខាងជើង ក្រឡាស់សម្តី។
ប៉ុន្តែមេដឹកនាំកូរ៉េខាងត្បូង ប្រកាសថា លោកគីម ជុងអ៊ុន មានភាពស្មោះត្រង់ ប៉ុន្តែលោកបង្ហាញការខកចិត្ត ដោយយល់ថាសហគមន៍អន្តរជាតិនៅតែមិនមាន ទំនុកចិត្តលើកូរ៉េខាងជើង ។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ ថា «នេះជាពេលវេលា ដែលយើង ត្រូវ ធានាដល់មេដឹកនាំគីម ជុងអ៊ុន និងគាំទ្រលោកដោយការសម្រេចយ៉ាងត្រឹមត្រូវ ក្នុង ការរំសាយបរមាណូហើយ ពិភពលោកត្រូវតែទុកចិត្តទៅលើការចង់បានសន្តិភាព។
ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េ ខាងត្បូង បានស្នើដល់អាមេរិកឲ្យមានសកម្មភាព ជឿជាក់លើកូរ៉េខាងជើង និង ធានាដល់សន្តិសុខ សុវត្ថិភាព ប្រទេសនេះ ក្រោយការ បោះបង់អាវុធបរមាណូនិង មីស៊ីល៕ ម៉ែវ សាធី