ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងបណ្តាលឲ្យមនុស្សយ៉ាងតិច២១នាក់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារទៅលើក្រុមមូស្លីមនិកាយស៊ីអ៊ីដខណៈកំពុងជួបជុំគ្នាធ្វើពិធីដង្ហែក្បួនតាមបែបសាសនារបស់ខ្លួននៅក្នុងរដ្ឋ Kano ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ជនវាយប្រហារគ្រាប់បែកបានបន្លំខ្លួនចូលទៅក្នុងហ្វូងមនុស្ស រួចបង្កប់ឧបករណ៍នៅទីនោះ មុនពេលមានការចុចបញ្ជាឲ្យផ្ទុះកើតឡើង ។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីបុរសម្នាក់ត្រូវចាប់ខ្លួន ក្រោយរកឃើញថា មានរក្សាទុកគ្រាប់បែកមួយគ្រាប់ ។
ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅក្នុងភូមិមួយឈ្មោះ Dakasoye ចម្ងាយប្រមាណ២០គីឡូម៉ែត្រភាគខាងត្បូងទីរួមខេត្ត Kano ។ លោក Muhammad Turi មកពីចលនាអិស្លាមនីហ្សេរីយ៉ា IMN បានបញ្ជាក់ថា យើងបានបាត់បង់ជីវិត២១នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស ។
ប៉ូលិសបានអះអាងថា មិនទាន់ដឹងនៅឡើយថា តើនរណានៅពីក្រោយខ្នងការវាយប្រហារនេះ ប៉ុន្តែក្រុមចលនាអិស្លាមនីហ្សេរីយ៉ា បានបន្ទោសទៅលើក្រុមឧទ្ទាមសាន់នីបូកូហារ៉ាម ។
ក្រោយហេតុការណ៍វាយប្រហារនេះភ្លាម មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងតំបន់បានកោះប្រជុំបន្ទាន់ ជាពិសេសក្រុមមេដឹកនាំសាសនានិកាយស៊ីអ៊ីដនោះតែម្តង ។ ការជួបជុំគ្នាដើម្បីធ្វើពិធីសាសនាខាងលើនេះកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលប្រព្រឹត្តឡើងមានរយៈពេល៧ថ្ងៃ ។ ការវាយប្រហារនេះមិនអាចរារាំងដល់ដំណើរការចូលរួមប្រារព្ធពិធីនេះបានឡើយ ។
លោក Turi បានបញ្ជាក់ថា យើងមិនសប្បាយចិត្តនោះទេដែលយើងទទួលរងការវាយប្រហារ ពីព្រោះនេះជាស្ថានការណ៍កើតមាននៅទូទាំងប្រទេស ។ ប៉ុន្តែទោះបីយ៉ាងណា វាមិនអាចធ្វើឲ្យយើងភ័យខ្លាចនៅក្នុងការចូលរួមបន្តការគោរពបូជាសាសនារបស់យើងបានឡើយ ។
ពិធីបុណ្យនោះមានការដើរដង្ហែក្បួនផងដែរចេញពីតំបន់Kano ឆ្ពោះទៅកាន់តំបន់ Zaria ស្ថិតនៅក្នុងរដ្ឋ Kaduna ដែលនៅជិតខាងគ្នានោះ ។ នៅទីនោះជាស្នាក់ការកណ្តាលរបស់ក្រុម IMN ដែលមានជនមូស្លីមនិកាយស៊ីអ៊ីដភាគច្រើនលើសលប់រស់នៅ ។
កងកម្លាំងសន្តិសុខបានបំបែកក្រុមជនមូស្លីមដែលប្រារព្ធពិធីនេះភ្លាមៗបន្ទាប់ពីហេតុការណ៍វាយប្រហារកើតឡើង ។
កាលពីឆ្នាំមុន កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងតំបន់ខាងលើនេះ បន្ទាប់ពីមានការប៉ះទង្គិចរវាងក្រុមដើរព្យុហយាត្រា នឹងកម្លាំងយោធាបណ្តាលឲ្យស្លាប់មនុស្សច្រើននាក់ ក្នុងនោះមានរួមបញ្ចូលកូនប្រុសមេដឹកនាំ Sheikh el-Zakzaky ផងដែរ ។
ជនមូស្លីមនៅក្នុងប្រទេសនីហ្សេរីយ៉ាភាគច្រើនគឺកាន់សាសនាអ៊ីស្លាមនិកាយសាន់នី ។ គេព្រួយបារម្ភខ្លាចតែមានអំពើហិង្សាសាសនាកើតឡើងរវាងក្រុមសាន់នី នឹងក្រុមស៊ីអ៊ីដនោះទេ ។ ក្រុមឧទ្ទាមបូកូហារ៉ាមបានប៉ះបោរបង្កហិង្សាវាយប្រហារនៅក្នុងប្រទេសនេះរយៈពេល៦ឆ្នាំកន្លងមកហើយបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងមនុស្សជាង២លាននាក់ផ្សេងទៀតបាត់បង់ទីជម្រក ។ ក្រុមបូកូហារ៉ាមអះអាងថា ក្រុមស៊ីអ៊ីដជាក្រុមគ្មានសាសនា គួរតែសម្លាប់ចោលឲ្យអស់ ។
ក្រុមឧទ្ទាមបានបង្កើនការវាយប្រហារដោយគោលដៅទៅលើជនស៊ីវិល បន្ទាប់ពីក្រុមនេះត្រូវកងទ័ពរដ្ឋាភិបាលបោសសម្អាតពីទឹកដីដែលពួកគេធ្លាប់គ្រប់គ្រង ។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari បានកំណត់ពេលឲ្យអគ្គមេបញ្ជាការកងទ័ពក្នុងប្រទេសនេះរហូតដល់ខែក្រោយនេះដើម្បីបញ្ចប់អំពើហិង្សា ប៉ុន្តែមានការព្រួយបារម្ភថា ការវាយប្រហារគ្រាប់បែកទំនងនៅបន្តកើតមានថែមទៀត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត