ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដេកស្លាប់លើរបងផ្ទះពលរដ្ឋយ៉ាងអាណោចអាធម៍ ដោយសារឆក់ខ្សែភ្លើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃពុធ ៨កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ នៅចំណុចលើទ្វាររបងផ្ទះលេខ១១៩ ផ្លូវលេខ ២៧១ ក្រុមទី២ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
យោងតាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពមោះ ផល មុន្នី ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថា្នក់ទី៩អនុវិទ្យាល័យអូរបែកក្អម ស្នាក់នៅផ្ទះលេខ ៨ ផ្លូវ បេតុង សង្កាត់ ទឹកល្អក់៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ (សពមានស្នាមស្លោករលាត់ស្បែកដៃខាងឆ្វេង និង មានផ្ទុកសារធាតុញៀនប្រភេទមេតំហ្វេតាមីនក្នុងទឹកនោម ) ។
មន្រ្តីដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ សុខ ទិត្យ ជាសន្តិសុខយាមហាងនំភីហ្សាខមផេនី បានឲ្យដឹងថា ៖ កាលពីថ្ងៃទី ១៧-១០-២០១៨ វេលាម៉ោង១៥ម៉០០នាទី រូបគាត់កំពុងអង្គុយយាមនៅមុខហាងនំភីហ្សាខមផេនី ផ្លូវ២៧១ ភូមិ ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយបានក្រឡេកចោលភ្នែកទៅផ្ទះដែលនៅជាប់ហាង ស្រាប់តែឃើញក្មេងប្រុសម្នាក់ មិនស្គាល់ឈ្មោះ បានស្លាប់នៅលើរបងផ្ទះនោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឲ្យចុះមកពិនិត្យមើលឃើញជនរងគ្រោះបានស្លាប់នៅលើទ្វាររបងផ្ទះលេខ១១៩ ផ្លូវ លេខ ២៧១ ក្រុមទី២ ភូមិ ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដោយដៃខាងឆ្វេងកាន់ដែក រុំបង្គោលភ្លើងជាប់ប្រអប់កុងទ័រភ្លើង (របស់អគ្គិសនីកម្ពុជា) ។
លុះមកដល់វេលាម៉ោង១៧ម៉០០នាទីថ្ងៃដដែលក៏មានមនុស្សប្រុសម្នាក់ឈ្មោះ ស៊ូ ខារ៉ា បានមកពិនិត្យមើលសព រួចអះអាងបញ្ជាក់ថាសពត្រូវជាក្មួយរបស់ខ្លួនឈ្មោះ ផល មុន្នី ភេទប្រុស អាយុ អាយុ១៤ឆ្នាំជនជាតិ ខ្មែរ មុខរបរសិស្សថា្នក់ទី៩អនុវិទ្យាល័យអូរបែកក្អម ស្នាក់នៅផ្ទះលេខ ៨ ផ្លូវ បេតុង សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់មកកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំនំពេញ និង លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព រួចបញ្ជាក់អះអាងសពឈ្មោះ ផល មុន្នី (មានស្នាមស្លោក រលាត់ស្បែកបាតដៃខាងឆ្វេង) ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន ។ ចំពោះសាកសពឈ្មោះ ផល មុន្នី សមត្ថកិច្ចបានប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ៕ ស តារា
...