ការប្រឈមមុខតានតឹងក្នុងវិស័យយោធា អាមេរិក-ចិន កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

កម្លាំងទាហានអាកាសអាមេរិកប្រចាំនៅសមុទ្រប៉ាស៊ីហ្វិក បានប្រកាសថា យន្ត ហោះទម្លាក់គ្រាប់បែក រយៈចម្ងាយឆ្ងាយ B-52 បានហោះហើរចេញពីទីតាំងទ័ព អាកាសនៅលើកោះ Guam ទៅបំពេញភារកិច្ចនៅសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មាន ស៊ីអិនអិនបានដកស្រង់ សម្តី អ្នកនាំពាក្យកម្លាំងទាហានអាមេរិក មកបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-52 របស់អាមេរិក បានហោះហើរចូលទៅ កៀកកោះសិប្បនិមិត្ត របស់ចិននៅសមុទ្រ ចិនភាគខាងត្បូង ។ មន្ទីរបញ្ចកោណអាមេ រិក មិនបានបញ្ជាក់ថាយន្តហោះខាងលើធ្វើសកម្មភាពនៅទីណានោះឡើយ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យន្ត ហោះទម្លាក់គ្រាប់អាមេរិក បានបំពេញការ ងារ នៅតំបន់អាស៊ី ក្នុងនោះមានទាំង សមុទ្រឥណ្ឌានិង សមុទ្រចិនភាគខាងត្បូង តាំងពីឆ្នាំ២០០២ មកទល់ពេលនេះ។ សកម្មភាពហោះហើរ កើនឡើងខ្ពស់ចាប់ តាំងពី អតីតប្រធានាធិបតីអូបាម៉ា បានអនុវត្តគោលនយោបាយឆ្ពោះមកកាន់អាស៊ី។

លោក Randall G. Schriverជំនួយការ រដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុក អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា «ចិនទទួលបានជោគជ័យនៅក្នុងការបង្កើត ពង្រីក កម្លាំងទាហាននៅលើកោះមួយចំនួន ហើយយើងកំពុងតែព្យាយាមតបតវិញឲ្យបានសមស្របបំផុត»។

កាលពីដើមខែតុលាកន្លងមក នាវា ចម្បាំងចិន បានចូលទៅកៀកនាវាផ្ទុកយន្តហោះអាមេរិក USS Decatur ដោយមាន ចម្ងាយតែ៤០ម៉ែត្រប៉ុណ្ណោះ បង្ខំឲ្យនាវា អាមេរិក ត្រូវបង្វែរទិសដៅដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។

សារព័ត៌មាន Wall Street Journal បានផ្សាយថា ការប៉ះទង្គិចគ្នាខាងលើកើត ឡើង ក្នុងពេលដែល នាវាផ្ទុកយន្តហោះ អាមេរិក យាមល្បាតនៅតំបន់សមុទ្រ ដែលមានវិវាទរវាងចិន នឹងវៀតណាម។ អាមេរិកបានបញ្ជាក់ថា សកម្មភាពរបស់ ចិន គឺគ្មាន សុវត្ថិភាព និងគ្មានឯកទេស ដែលចូលទៅកៀកនាវាអាមេរិកបានទេ។

បញ្ហាសមុទ្រចិនខាងត្បូង ជាចំណុច ប្រឈមមុខយោធារវាងចិននឹងអាមេរិក ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្ហាញក្តី បារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃកម្លាំង ទាហានចិន នៅសមុទ្រអន្តរជាតិ ពិសេស សមុទ្រចិនខាងត្បូង អាចគំរាមកំហែងដល់ សន្តិសុខ ស្ថិរភាពនយោបាយ យោធា របស់អាមេរិកនៅលើពិភពលោក ។

ទាំងនោះហើយបានជាអាមេរិក រិះរកគ្រប់មធ្យោបាយដើម្បីទប់ស្កាត់ឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់និងនៅលើ ពិភពលោក តាមរយៈការកាត់បន្ថយ កំណើនសេដ្ឋកិច្ចរបស់ចិន ដោយសារតែ ចិនកំពុងតែប្រើប្រាស់ទឹកប្រាក់ និងបំណុល បរទេស ពង្រីកឥទ្ធិពលលើពិភពលោក។

បើទោះបីមាន រឿងប្រឈមមុខបែប ណាក្តី តែចិន ប្រកាសថា បានត្រៀមខ្លួនរួច ជាស្រេច ដើម្បីបង្កើនទំនាក់ទំនងយោធាជាមួយអាមេរិក។រដ្ឋាភិបាលទីក្រុងប៉េកាំង ទំនងជាត្រៀមខ្លួនជាស្រេចហើយនៅថ្ងៃទី១៧ ខែតុលា ដើម្បីធ្វើឲ្យទំនាក់ទំនងយោធារវាងចិន នឹងអាមេរិក វិលមកកាន់ សភាពប្រក្រតីឡើងវិញ ក្រោយពីទំនាក់ ទំនងប្រទេសមហាអំណាចទាំងពីរជួបរឿងរង្គោះរង្គើ ដោយសារតែសង្គ្រាមពាណិជ្ជ កម្ម និងទណ្ឌកម្ម ដែលអាមេរិកបានដាក់ លើចិន។ ជាក់ស្តែង ថ្មីៗនេះប្រទេសចិន បានផ្តល់ភ្លើងខៀវ ដល់អាមេរិក ដើម្បីបើក លទ្ធភាពឲ្យ តំណាងភាគីនៃប្រទេសទាំង ពីរ អាចជួបពិភាក្សាគ្នានាពេលឆាប់ៗខាងមុខ។

ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខអាស៊ីនិងប៉ាស៊ីហ្វិកបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Jim Mattis ជួបពិភាក្សា ជាមួយលោក Wei Fengheរដ្ឋមន្ត្រីការ ពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ តុលា នៅឯកិច្ចប្រជុំកំពូលសន្តិសុខថ្នាក់ តំបន់មួយ ដែលរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី។

តាមពិតទៅ ជំនួបចរចារវាងអាមេរិក នឹងចិន ត្រូវបានរៀបចំម្តងរួចទៅហើយ កាលពីសប្តាហ៍មុន ប៉ុន្តែបែរជាបរាជ័យទៅ វិញ ដោយហេតុថា ភាគីចិនបានបដិសេធ។ ដូច្នេះហើយ ការយល់ព្រមចូលតុពិភាក្សា របស់ចិនលើកនេះ ធ្វើឲ្យអាមេរិកគិតថា វាជាសក្ខីកម្មមួយ ចង្អុលបង្ហាញថា ចិនពិតជាចង់រក្សាទំនាក់ទំនងជាមួយអាមេរិកឲ្យដូចដើម ដើម្បីមានស្ថិរភាពនយោបាយ។

សូមជម្រាបជូនថា រដ្ឋាភិបាលចិន បានបញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីខែ មុន បានដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសចិន ដែលបានទិញយន្តហោះ ចម្បាំង និងមីស៊ីលពីប្រទេសរុស្សុី។ ក្រៅពីនេះ ទំនាក់ទំនងរវាងចិន នឹងអាមេ រិក បានកើនឡើងសភាពការណ៍តានតឹង បន្ថែមទៀត នៅពេលដែលក្រុងប៉េកាំងមិនអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិកបើកចូលទៅក្នុងទីក្រុងហុងកុង និងបានលុបចោលកិច្ចប្រជុំរវាងប្រមុខកងទ័ពជើងទឹកចិន និងសមភាគីអាមេរិក។

ទាក់ទិននឹងជំនួបរវាងអាមេរិក នឹងចិន នេះដែរ ជំនួយការរដ្ឋមន្ត្រីការពារជាតិ បាន និយាយថា ភាគីទាំងពីរ នឹងលើកយក បញ្ហាសន្តិសុខក្នុងតំបន់សមុទ្រចិនខាងត្បូងមកពិភាក្សាផងដែរ។ បញ្ហាសន្តិសុខត្រូវ មានលើតុចរចា ដោយភាគីអាមេរិកបាន អះអាងថា កាលពីខែមុន នាវាចម្បាំងចិន បានបើកមកកៀកនឹងនាវាចម្បាំងរបស់ អាមេរិក នៅរយៈចម្ងាយប្រមាណតែ៤១ម៉ែត្រតែប៉ុណ្ណោះ នៅក្នុងតំបន់សមុទ្រចិន ខាងត្បូង ជាទីតាំង ដែលរដ្ឋាភិបាលក្រុងប៉េ កាំង តែងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ អាមេរិកថា ទង្វើរបស់ចិននេះ គឺវាគ្មានវិជ្ជាជីវៈនិងប្រកបដោយគ្រោះថ្នាក់ថែមទៀត ផង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print