ភ្នំពេញ៖ គួតែបញ្ឈប់ទៅនៅអំពើហឹង្សាដោយអាងអំណាចខ្លួនជាសមត្ថកិច្ចមានកាំភ្លើងពេលមានរឿងដកវៃប្រជាពលរដ្ឋស្លូតត្រង់គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរតិចទូចសោះមិនព្រមដោះស្រាយបែជាបង្កហឹង្សាហើយអាងខ្លួនមានលុយបោះអោយទៅជនរងគ្រោះ២០០ដុល្លារដើម្បីបញ្ចប់រឿងទៅវិញ។
បើទោះបីជាជនបង្កបោះលុយអោយទៅជនរងគ្រោះ២០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុក៍ដោយ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះផ្ទាល់នាំខ្លួនជនបង្កនិងជនរងគ្រោះ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ។
អំពើហិង្សាដោយប្រើប្រាស់អាវុធនេះ កើត ឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៨ នៅចំណុចខាងជើងផ្សារ ហេង លី ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនបង្កគឺលោកវរសេនីយ៍ឯក ម៉ែន សុផល នាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ អាយុ៥៩ឆ្នាំ កាន់កាប់កាំភ្លើង កា៥៤ ផលិតនៅប្រទេសចិន លេខ៣០២៦ ចេញឱ្យប្រើប្រាស់ដោយនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការនគរបាលរងនគរបាលជាតិ ។
ចំណែកជនរងគ្រោះ ឈ្មោះ ហេង ទិត្យ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ភូមិត្រពាំង ឈូកសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។
តាមសម្តីជនរងគ្រោះ បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា មុន ពេលកើតហេតុ បុរសម្នាក់ជាជនបង្ក បានជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ មិនចាំផ្លាកលេខ ប៉ះទង្គិចគ្នាជាមួយគាត់ តែមិនព្រមឈប់ដោះស្រាយ ទើបជនរងគ្រោះដេញរហូតដល់ចំណុចកើតហេតុ ហើយទាស់សម្ដីគ្នាយ៉ាងខ្លាំង ។
ក្រោយមក ជនបង្កបានដកកាំភ្លើងវៃក្បាលជនរងគ្រោះបណ្តាលឱ្យបែកក្បាលតែម្ដង ។ មួយសន្ទុះក្រោយមក ជនបង្កបានដកលុយចំនួន ២០០ដុល្លារ ឱ្យទៅជនរងគ្រោះ រួចក៏ឡើងម៉ូតូជិះចេញ ទៅផ្ទះរបស់ខ្លួន នៅត្រង់ចំណុចផ្ទះអត់លេខ ផ្លូវ ៣៧១សឡា ស្ថិតក្នុងសង្កាត់ អូរបែក ក្អម ខណ្ឌ សែនសុខ ។
ខណៈអ្នកដែល ឃើញហេតុការណ៍ បានរាយការណ៍ ជូនទៅសមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ច មូលដ្ឋាន ក៏បានចុះទៅធ្វើការឃាត់ខ្លួនជនបង្ក ដល់ផ្ទរួច នាំយកមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ តែម្តង។
ជុំវិញករណីនេះលោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយអង្គភាពសារព័ត៌មាននគរវត្ត កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨តាមរយះទូរស័ព្ទនេះថា៖ ពុំមានការឃាត់ខ្លួនទេព្រោះជនរងគ្រោះនិងជនបង្កបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុរួចរាល់ហើយ៕ ដោយ ៖ តុងសីហា