ទុស្សេក្នុងប្រអប់ភ្លើងបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លើងដាច់រាយពាសពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីអគ្គិភ័យផ្ដើមចេញពីទុស្សេប្រអប់ភ្លើងមួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចប្រអប់ភ្លើងលេខ 071-406 តាមបណ្ដោយផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះដំបូងបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្រអប់ភ្លើងជាប់បង្គោលភ្លើងខាងលើ បានទុស្សេព្រៀកៗយ៉ាងខ្លាំង រួចក៏មានអណ្ដាតភ្លើង និងផ្សែងហុយទ្រលោមចេញមក បណ្ដាលឲ្យឆាបឆេះដល់ខ្សែភ្លើងដែលតផ្ចាប់ជាមួយបង្គោលភ្លើងខាងលើនោះ និងបានដាច់រាយប៉ាយពេញមុខផ្ទះប្រជាពលរដ្ឋតែម្ដង ។ ក្នុងអំឡុងពេលនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានយកបំពង់ពន្លត់ អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ ព្រមទាំងយកឧបករណ៍ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ឲ្យរលត់ទៅវិញក្នុងរយះពេលប្រមាណជា២០នាទីប៉ុណ្ណោះ ។

ក្នុងហេតុការណ៍ទុស្សេឆេះប្រអប់ភ្លើង និងខ្សែភ្លើងខាងលើនេះ គេពុំឃើញមានអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យរបស់ខ្លួនផ្ទាល់អស់ជាច្រើនបំពង់ទើបរលត់ទៅវិញជាស្ថាពរ ហើយករណីនេះក៏មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print