ភ្នំពេញ៖ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នេះ សម្រេចផ្លាស់ប្ដូរមន្ត្រីតុលាការទូទាំងប្រទេសចំនួន៤៣រូប ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំលើក៣០ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងរបៀបវារៈទី៣ បញ្ជាក់ថា ៖ ពិនិត្យ និង សម្រេច អំពីការផ្លាស់ប្តូរប្រធាន អនុប្រធាន និង ចៅក្រម ។
អង្គប្រជុំបានបោះឆ្នោតសម្រេចយល់ព្រម ស្នើផ្លាស់ប្តូរទីកន្លែងបំពេញការងាររបស់ប្រធានសាលាដំបូងខេត្តចំនួន៦រូប អនុប្រធានសាលាដំបូងខេត្តចំនួន១រូប និង ផ្លាស់ប្ដូរចៅក្រមសាលាដំបូងរាជធានី-ខេត្តចំនួន៣៦រូប ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំលើកទី៣០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រះបរមរាជវាំង ដើម្បីពិនិត្យសម្រេច និង ពិគ្រោះយោបល់លើរបៀបវារៈចំនួន៧ ៕