ភ្នំពេញ៖ តារាសម្តែង កញ្ញា ម៉ិច ម៉ារីកា បានស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លីក្រោយស្ថានភាពសុខភាពមិនអំណោយផល។ ក្រោយបង្ហាញមុខក្នុងពិធីសម្ពោធភាពយន្តរឿង”បិសាចគំនូរ” តារាស្រីរូបនេះបញ្ជាក់ថាការងារសិល្បៈនាងនៅតែមាន ហើយដើមឆ្នាំក្រោយនឹងកាន់តែច្រើនទ្វេដង។
ម៉ិច ម៉ារីកាលេចធ្លោរខ្លាំងក្នុងភាពយន្តរឿងព្រោះជិនវង្សនាងពៅ និងជាតួស្រីក្នុងបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍»។ មួយរយៈចុងក្រោយនេះការងារសិល្បៈរបស់នាងមិនមមាញឹកខ្លាំងទេ ។ តារាស្រីមកពីខេត្តតាកែវរូបនេះលើកឡើងថា នាងត្រូវឡើងចុះមើលការងារសម្អាងការនៅខេត្ត និងកំពុងថតភាពយន្តភាគពីររឿងព្រមគ្នាដែលមិនទាន់បញ្ចប់នៅឡើយ។
នាងថានាងមិនចង់ទទួលរឿងច្រើនព្រមគ្នាដែលមិនងាយនឹងបែងចែកពេលវេលា ខណៈដែលត្រូវថែទាំសុខភាពដែលមានបញ្ហាកន្លងមក។ តារាស្រីរូបនេះបញ្ជាក់ថាទើបនឹងទទួលដំណឹងទទួលយករឿងថ្មីពីផលិតកម្មមួយ ប៉ុន្តែកំពុងជជែកគ្នានៅឡើយ។ ដើមឆ្នាំក្រោយនេះនាងនឹងបញ្ចប់ការងារចាស់ៗ ហើយនឹងស្វាមគមន៍ការងារសិល្បៈថ្មីៗវិញម្តង ដែលនាងរំពឹងថាអាចនឹងមានពន្លឺច្រើនបើធៀបនឹងឆ្នាំ២០១៨នេះ៕ ដោយ វឌ្ឍនា