ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ និង០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានអំពីករណីខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន ៖ ១-ឈ្មោះ បូ អូនតូច ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ។
បច្ចុប្បន្នស្នាក់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ២-ឈ្មោះ ម៉ែត ភារុន ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) បច្ចុប្បន្នស្នាក់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៣-ឈ្មោះ ទ្រី វណ្ណា (ហៅ ប៉ាវ) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) បច្ចុប្បន្នស្នាក់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៤-ឈ្មោះ ប៉ាន់ សុភ័ក្រ (ហៅ ស្វិត) ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងដកហូតវត្ថុតាងជាប់នឹងខ្លួនរួមមាន ៖ -កាំបិតតាំងតោ ចំនួន ០១ដើម -ជំពាមកៅស៊ូ ចំនួន ០១ដើម -កូនថង់សម្រាប់ច្រកគ្រឿងញៀន -ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។ ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើពិតជាបានប្រើប្រាស់នូវសារធាតុញៀនយ៉ាងពិតប្រាកដមែន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ០៤នាក់ខាងលើ បានសារភាពថា ៖ ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់) បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕