ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមជ្រកក្រោមអាជីវកម្មរកស៊ីដូរលុយយីហោ” ទ្រូម៉ានី ” ដុះស្លែមួយកន្លែង កាលពីវេលាម៉ោង៣ រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាម បណ្តោយ ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាក់ស្តែងឃាត់ខ្លួនប្តីប្រពន្ធ២នាក់(ជាអ្នកកត់) ។ យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចខណ្ឌមានជ័យ បានឲ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ដោយប្រពន្ធឈ្មោះលឹមហ៊ុន និង ប្តីឈ្មោះ សួស ធារិទ្ធិ អាយុ ៥៧ ឆ្នាំ ស្នាក់នៅម្តុំផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ដោយឡែកលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាប បានឲ្យដឹថា មុនឈានទៅដល់ការបង្ក្រាបទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ខាងលើនេះ គឺអាជ្ញាធរបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែងកំពុងតែបើកយ៉ាងសេរី និងចំហ ទើបលោកបានដាក់នាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងឃើញថា ពិតជាមានកត់ឆ្នោតវៀតណាមខុសច្បាប់ ពិតប្រាកដមែន។
ក្នុងប្រតិបត្តិការនោះដែរ ដោយមានការចូលរួមពីកម្លាំងនគរបាលខណ្ឌ កម្លាំងអាវុធហត្ថខណ្ឌ និងមានការសម្របសម្រួលពី លោកនួន ចំរើន ក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ តំណាងលោក សឿន មុនីរ័ត្នព្រះរាជអាជ្ញាររងអម សាលាដំបូង រាជធានី ចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។ចំណែកវត្ថុតាងដកហូតបាន៖ លុយដុល្លារចំនួន២១០ដុល្លារ , ប្រាក់ខ្មែរ ចំនួន៣ លានសាមសិបម៉ឺនរៀល និងវត្ថុតាងក្រដាសកត់ឆ្នោត មួយចំនួនធំ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ សតារា
...