ជិតមួយឆ្នាំហើយ ក្រុមហ៊ុន ហាន់សុីង (HanShin) មិនទាន់មានសកម្មភាពស្ថាបនាផ្លូវជាតិលេខ៥ ចំងាយ ៥១គីឡូម៉ែត្រ ដែលខ្លួនដេញថ្លៃបាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបានស្ថាបនាផ្លូវជាតិលេខ៥ ចំងាយ៥១ គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើក​សម្ពោធអោយដំណើរការសាងសង់មានរយះពេលជិតមួយឆ្នាំទៅហើយ ប៉ុន្តែក្រុមហ៊ុននេះអត់មានសកម្មភាពអ្វីទាំងអស់។

ចំណុចនេះក៏កើតជាចំងល់ថា៖ ហេតុអីក៏ខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ឬខាងJACA នៅតែបន្តអនុញ្ញាតដាក់អោយមានឈ្មោះដេញថ្លៃតទៅទៀត…? បញ្ហានេះក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធគួរណាស់រំលឹកឡើងវិញផងថា កន្លងទៅក្រុមហ៊ុនហាន់សុីង(HanShin) នេះមានកំហុសធ្ងន់ធ្ងរស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងជាប់ឈ្មោះអាក្រក់ក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ដូច្នេះម្ចាស់ប្រទេសដែលផ្តល់ប្រាក់កម្ចីនោះ គួរអនុញ្ញាតអោយក្រុមហ៊ុនហាន់សុីង(HanShin) ដេញថ្លៃបន្តទៀតឬមួយយ៉ាងណា..?

គួរបញ្ជាក់ថា៖ កន្លងទៅមានករណីបែកធ្លាយថាក្រុមហ៊ុន ហាន់សុីង(HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែបែជាដេញថ្លៃគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ…?

មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានធ្លោយថា៖ ករណីគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ​១៧១+២០០ បានទៅលើក្រុមហ៊ុន ហាន់សុីង(HanShin) ខណះក្រុមហ៊ុននេះជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ករណីស្ថាបនាធ្វើផ្លូវគ្មានគុណភាព និងកេងចំណេញបច្ចេកទេស ងាយនិងស្រុះ ប្រេះ ផុង ខូចដោយគង្ហុក មានជាសំបុកមាន់ជាដើម។

ជាក់ស្តែងកន្លងទៅក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅទៅ ព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ធ្វើមិនរួចរាល់ផង ក៏ខូចគ្មានគុណភាព រងនូវការរិះគន់ពីប្រជាជន និងមានគង្ហុក សំបុកមាន់ បណ្តាលអោយប្រជាជនបើកបរ ម៉ូតូ ឡានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ ឈានដល់ទទួលស្គាល់ថា ក្រុមហ៊ុន ហាន់សុីង(HanShin) ស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព ចាត់ទុកក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ហាន់សុីង(HanShin) បានធ្វើអោយបាក់មុខតាំងពីមុនធ្វើជាតិលេខ២១ ដូចជាគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពម្តងជា២ដងរួចមកហើយ។

ករណីកំណាត់ផ្លូវជាតិលេខ៣ បើតាមការបញ្ជាក់អោយដឹងពីមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺរាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ ខណះក្រុមហ៊ុន ហាន់សុីង(HanShin)ធ្វើដោយគ្មានគុណភាព និងខូចដោយកន្លែងៗនោះ។

គេបានទម្លាយថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin) ក៏គ្មានគ្រឿងចក្រសម្រាប់ដំណើរការស្ថាបនាផ្លូវដោយខ្លួនឯងដែរ គឺត្រូវជួលគ្រឿងចក្រ និងរថយន្តពីក្រុមហ៊ុនផ្សេងៗស្ទើរទាំងស្រុង។ ដូច្នេះចង្វាក់ដំណើរសាងសង់របស់ក្រុមហ៊ុននៅមានកម្រិត នេះមិនទាន់គិតដល់បញ្ហាធ្វើគ្មានគុណភាព កេងចំណេញបច្ចេកទេស និងបន្សល់ទុកនូវភាពអសោចន៍ឈ្មោះ ស្ថាបនាផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ៣ គ្មានគុណភាព ស្ថិតក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូននោះផង។

ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា៖ ករណីក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបានគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ពីចំណុចគីឡូម៉ែត្រលេខ១២០ ដល់ ចំណុចគីឡូម៉ែត្រលេខ១៧១+២០០ គឺដោយសារក្រុមហ៊ុនហ៊ានទម្លាក់ថ្លៃទាបបំផុត ដែលទឹកប្រាក់នេះមិនអាចមានតុល្យភាពទៅនិងគម្រោងស្ថាបនា ដូច្នេះក្រុមហ៊ុន ហាន់សុីង(HanShin) ត្រូវតែបង្ខំចិត្តកេងចំណេញបច្ចេកទេស ទាញយកផលចំណេញ និងធ្វើអោយការស្ថាបនានឹងគ្មានគុណភាព។

គួរំលឹកថា៖ គម្រោងJICA និមួយៗរបស់រដ្ឋាភិបាលប្រទេសជប៉ុន គឺមានលក្ខណះច្បាស់លាស់ តែងចាប់យកក្រុមហ៊ុនដៃគូសាងសង់មានលក្ខណះស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពសំណង់ ហើយកន្លងទៅ គេតែងស្វែងយល់ជំនួយស្ពានថ្នល់របស់ជប៉ុននៅកម្ពុជា..គឺគម្រោងត្រូវធ្វើឡើងដោយ៖ ១-ដេញថ្លៃសាងសង់នៅជប៉ុន។ ២-ជប៉ុនកាន់លុយខ្លួនឯង។
៣-ក្រុមហ៊ុនដែលដេញថ្លៃសាងសង់ ត្រូវតែជាក្រុមហ៊ុនជប៉ុន។ ៤-នាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់កម្ពុជា គ្រាន់តែទៅបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ប៉ុណ្ណោះ។ និយាយរួមជំនួយរបស់ជប៉ុន មិនអាចនិយាយដោយចោទប្រកាន់ខ្មែរថា «ចាក់ក្រាស់ស៊ីស្តើង»បានឡើយ។

មួយរយះនេះស្ពានថ្នល់របស់ជប៉ុននៅកម្ពុជានៃគម្រោងJICA ក៏ចាប់យកក្រុមហ៊ុនសំណង់ធំៗ ខ្នាតអន្តរជាតិរបស់ប្រទេសកម្ពុជា ធ្វើជាដៃគូដេញថ្លៃយកគម្រោងទៅធ្វើផងដែរ។ ប៉ុន្តែចំពោះក្រុមហ៊ុន ហាន់សុីង(HanShin) មិនអាចជាដៃនៃគម្រោងJICAបានទេ ខណះក្រុមហ៊ុនហាន់សុីង(HanShin)ជាប់ក្នុងបញ្ជីខ្មៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តាមរយះការស្ថាបនាផ្លូវជាតិលេខ២១ គ្មានគុណភាព និងគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅខេត្តកំពត ខ្វះការទទួលខុសត្រូវ នៅតែគ្មានគុណភាពមុនដំបូងមកហើយនោះ។ រហូតដល់រាជរដ្ឋាភិបាល បានសម្រេចអោយក្រុមហ៊ុនចិន ស្ថាបនាឡើងវិញ។

ប្រសិនបើខាងគម្រោងJICAមិនបានសិក្សាសុីជម្រៅពីលក្ខណះសម្បត្តិបច្ចេកទេសក្រុមហ៊ុន ហាន់សុីង(HanShin)នោះទេ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ ដែលក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបាននឹងប្រឈម គ្មានគុណភាព។ ក្នុងនោះក្រុមហ៊ុន ហាន់សុីង(HanShin)អាចនឹងធ្វើអោយខូចគម្រោងដែលជាថវិការដ្ឋាភិបាលជប៉ុន និងប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ។

ប្រជាពលរដ្ឋសំណូមពរ អោយខាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាពិសេសJICAត្រួតពិនិត្យឡើងវិញលើគម្រោងដេញថ្លៃក្រុមហ៊ុន ហាន់សុីង(HanShin)នេះ ប្រយោជន៍ការពារអោយគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ របស់JICA លើទឹកប្រាក់ជាង៨៥លានដុល្លារ មានគុណភាពល្អ លក្ខណះស្តង់ដារ ឬតាមរយះការដកកញ្ចប់ថវិកាគម្រោងរបស់ក្រុមហ៊ុន ហាន់សុីង(HanShin)យកមកដេញថ្លៃឡើងវិញ ខណះមិនទាន់ហួសពេលនៅឡើយទេ។

គួរបញ្ជាក់ថា៖ ក្រុមហ៊ុន ហាន់សុីង(HanShin)ដេញថ្លៃបានស្ថាបនាផ្លូវជាតិលេខ៥ ចំងាយ៥១ គីឡូម៉ែត្រពីខេត្តកំពង់ឆ្នាំង ដល់ធ្លារម្អម ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីបើក​សម្ពោធអោយដំណើរការសាងសង់មានរយះពេលជិតមួយឆ្នាំទៅហើយ ប៉ុន្តែមកទល់បច្ចុប្បន្ននេះក្រុមហ៊ុនហាន់សុីង(HanShin) មិនទាន់មានសកម្មភាពអ្វីទាល់តែសោះ។

មន្ត្រីខ្លះបានលួចបង្ហើប ហើយអាចចាត់ទុកជាផ្លូវការបានថា៖ ក្រុមហ៊ុនហាន់សុីង(HanShin) មានគម្រោងចូលដេញថ្លៃស្ថាបនាឡើងវិញផ្លូវជាតិលេខ២ ពីភ្នំពេញ-តាកែវ នាពេលដ៏ខ្លីខាងមុខ នៃប្រាក់កម្ចីពីរាជរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបន្តទៀត ខណះខ្លួនមិនមានសកម្មភាពស្ថាបនាផ្លូវជាតិលេខ៥នៅឡើយ។

ក្រុមហ៊ុនហាន់សុីង(HanShin) ត្រូវបានគេទទួលស្គាល់ថា៖ ក្រុមហ៊ុនអត់មានមូលដ្ឋានគ្រឹះ កង្វះខាតនូវគ្រឿងចក្រ ឧបករណ៍សំភារៈបម្រើអោយវិស័យស្ថាបនាផ្លូវគមនាគមន៍ ស្ពានថ្នល់ ពិសេសពិបាកនិងរកក្រុមជំនាញមកបម្រើការងារអោយក្រុមហ៊ុននេះបាន ដោយមូលហេតុថា ក្រុមហ៊ុនហាន់សុីង(HanShin) មានឈ្មោះអាក្រក់ ជាប់ក្នុងបញ្ជីខ្មៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ដូច្នេះខាងវិស្វករ ខាងបច្ចេកទេស ភាគច្រើនគេមិនចូលធ្វើការជាមួយ ព្រោះខ្លាចខូចឈ្មោះពួកគេជាវិស្វករ ជាអ្នកបច្ចេកទេសធ្វើសំណង់ស្ថាបនាគ្មានគុណភាព។

និយាយរួមក្រុមហ៊ុនហាន់សុីង(HanShin) តែងតែមានឱកាសចូលដេញថ្លៃ ដោយមានលក្ខណះពិសេស ខាងជំនាញទំនាក់ទំនងចំៗគោលដៅ ឬ ចង់រកសុីចេះរកសុី ចេះបំពេញតម្រូវការ អ្នកចង់បានប្រយោជន៍ពីគម្រោងផងក៏អាចថាបាន។ មានករណីខ្លះរហូតដល់លេចឮថា នៅប្រទេសកូរ៉េវិញ បើឈ្មោះក្រុមហ៊ុនហាន់សុីង(HanShin) គឺខាងកូរ៉េមិនទទួលស្គាល់តាមរយៈស្ថាបនាគ្មានគុណភាពនេះ។

ពាក់ព័ន្ធករណីនេះ អង្គភាពនគរដ្រេហ្គន មិនអាចទំនាក់ទំនងសុំថាបំភ្លឺបានទេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ដូចជាខាងតំណាងJiCA នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីសុំការបំភ្លឺ ដោយគ្មានលេខទូរស័ព្ទ។

ប្រជាជនសំណូមពរអោយខាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាពិនិត្យមើលក្រុមហ៊ុនហាន់សុីង(HanShin) នេះផង ហេតុអីគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្វារម្អម ចំងាយ៥១គីឡូម៉ែត្រ មិនមានសកម្មភាព បើសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានជិត១ឆ្នាំមកហើយនោះ…? ប្រជាជនលើកឡើងថា៖ មិនខ្វះទេក្រុមហ៊ុនស្របច្បាប់ ល្អៗ មិនចាំបាច់អោយក្រុុមហ៊ុនហាន់សុីង(HanShin) បន្តចូលដេញថ្លៃគម្រោងទៀតទេ៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print