ភ្នំពេញ៖ ដូចអ្វីដែលលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្លិបបឹងកេត បានសន្យាកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅសណ្ឋាគារភ្នំពេញក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត១ថ្ងៃ ហើយជាលទ្ធផល កូនក្រុមរបស់លោកធ្វើបានសម្រេចដោយយកឈ្នះក្រុម Yangon United ៣-០ កាលពីយប់ថ្ងៃទី២៩ខែ វិច្ឆិកាឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិ នាំឲ្យក្រុមនេះ បានឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជា ក្រុមជើងឯកឆ្នាំចាស់របស់វៀតណាម។
លោកប្រាក់ សុវណ្ណារ៉ា បានសន្យាថា ចំពោះការប្រកួតរវាងក្រុម បឹងកេតអង្គរ នឹងក្រុម Yangon United FC ទោះបីយ៉ាងណាក៏មិនធ្វើឲ្យ អ្នកគាំទ្រអស់សង្ឃឹមនោះដែរ។ ទីបំផុតកីឡាករ ៣នាក់ របស់ក្លិបបឹងកេត ត្រូវបានលោកប្រាក់ សុវណ្ណារ៉ា កោតសរសើរ ពីទម្រង់លេងរបស់ពួកគេក្នុង សន្និសីទសារ ព័ត៌មានក្រោយចប់ការប្រកួតថា កីឡាករ ចាន់ វឌ្ឍនាកា , Gbenga Samuel , Esoh Omogba គឺជាក្រុម Barcelona នៅកម្ពុជា។
លោកប្រាក់ សុវណ្ណារ៉ា លើកសរសើរ កីឡាករទាំង៣នាក់នេះ ដោយសារតែពួកគេ ស្វែងរក គ្រាប់បាល់ឲ្យក្រុមបឹងកេត នាំមុខមុនក្រុម Yangon United ១-០ក្នុងតង់ទី២នៅនាទីទី៥១ ដោយការតែត បញ្ចូលទីរបស់កីឡាករ ពាកអាវលេខ៣០ ឈ្មោះESOH OMOGBA គឺក្រោយកីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ។ ចំណែកឯ២គ្រាប់ទៀត រកបានដោយកីឡាករ ពាក់អាវលេខ៩៩ ឈ្មោះ Alayi Gbenga Samuel រកបាននៅនាទីទី៦២និងនាទីទី៨៧ ជួយឲ្យក្រុមបឹងកេត បានឡើងទៅលេងវគ្គពាក់កណ្តាល ជាមួយក្រុម Becamex Binh Duong Fcនាពេលខាងមុខ។
លោក Emerson Alcantara គ្រូបង្វឹកក្រុម Yangon United បានសម្តែងការសោកស្តាយជាខ្លាំង ដោយសារកូនក្រុម របស់ លោក ធ្វើមិនល្អសោះ ខណៈដែលនៅតង់ទី១ ពួកគេមានឪកាសច្រើនសម្រាប់ រកគ្រាប់បាល់ មុនក្រុមបឹងកេត ទៅហើយ ប៉ុន្តែអ្វីគួរសោកស្តាយបំផុតនោះគឺ កូនក្រុមរបស់លោក ទាត់ត្រូវបង្គោលទីចំនួន២ដង នៅពេល ចាប់ផ្តើមប្រកួតតង់ទី២ ។
គ្រូបង្វឹករូបនេះ បានបន្តទៀតថា ការបាត់បង់ឱកាស ឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាក្រុមវៀតណាមមិនពាក់ព័ន្ធជាមួយការអវត្តមានរបស់កីឡាករសញ្ជាតិជាតិប្រេស៊ីលនោះឡើយ ផ្ទុយទៅវិញគឺបាត់បង់កីឡាករម្នាក់ដែលធ្លាប់ទាត់បាល់បញ្ចូលទីបានជិត១០០គ្រាប់ក្នុងលីកមីយ៉ាន់ម៉ា ត្រូវប្តូរចេញពីក្រុម Yangon United ទៅលេងនៅអឺរ៉ុបវិញ៕
ដោយ៖ សារីម