លោក ផ្កាយពីរ ទេព ចិត្រា និង ចេង ផាន់ លួចតម្លើងរថយន្តខុសបច្ចេកទេស ក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និងលោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ បានបង្កើតទីតាំងតំលើងរថយន្តខុសបទដ្ឋានបច្ចេកទេសជាប្រភេទរថយន្ត(កាត់ត)ទំនើបៗ នៅក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ ផ្នែកខាងក្រោយប៉ែកខាងឆ្វេងបន្ទាយ និងមានបុគ្គលិក កម្មករ មេជាង ជាច្រើននាក់ធ្វើសកម្មភាពលួចតម្លើងជាយូរឆ្នាំមកហើយ។

នេះបើតាមការលួចទម្លាយពីក្រុមជាងនៅទីនោះ ដោយបញ្ជាក់ថា៖ ជាប្រភេទរថយន្តទំនើប កាត់មួយកំណាត់ៗ ដូចជារថយន្ត កាមរីហៃព្រីត ស៊េរីឆ្នាំ២០០៧,កាមរីស៊េរី២០១៧ ,ឡង់គ្រឺស័រ ឡិចសុិស ចាប់ពីស៊េរីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ ,រថយន្តហាយឡែនឌឺរចាប់ពីស៊េរីឆ្នាំ២០០២ឡើងទៅ។

គេលួចបានរាយការណ៍មកថា៖ កន្លែងតំលើងរថយន្តខុសបទដ្ឋានបច្ចេកទេសក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ បានដំណើរជាយូរឆ្នាំមកហើយ។ ក្នុងនោះគ្រប់គ្រងដោយមនុស្ស២នាក់ គឺលោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និងលោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ នេះតែម្តង។

លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា មានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្ត(កាត់១កំណាត់) ដោយគេឃុបឃិតគ្នាជាមួយគយខេត្តព្រះសីហនុ បង់ពន្ធជាប្រភេទគ្រឿងបន្លាស់រថយន្ត ប៉ុន្តែជាប្រភេទរថយន្តថ្មីៗ ទំនើបៗ គ្រាន់តែគេប្រើវិធីកាត់ជា២កំណាត់ រួចយកមកផ្សារតតម្លើង តោន បាញ់ថ្នាំប៉ូលា អោយទៅជារថយន្តស្របតាមបច្ចេកទេសនាំចូលបង់ពន្ធ ដើម្បីលក់លើទីផ្សារក្នុងស្រុក មួយចំនួនទៀតលួចនាំចេញទៅប្រទេសជិតខាង ដូចជាឆ្លងទៅវៀតណាម និងឆ្លងទៅប្រទេសឡាវ តាមច្រកដុំក្រឡ។

ករណីខ្លះទៀតតម្លើងរួចរាល់ គេត្រូវពាក់ស្លាកលេខ (ខម) ស្លាកលេខរដ្ឋ លក់ប្រើប្រាស់ក្នុងស្រុក មានតំលៃទាបជាងរថយន្តនាំចូលបង់ពន្ធពាក់កណ្តាល។ ដោយឡែកលោកឧត្តមសេនីយ៍ទោ ចេង ថាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ គាត់ជាអ្នកមើលការខុសត្រូវសម្រាប់ទីតាំងតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេសក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ នេះ គ្រប់គ្រងជាង កម្មករ ពិនិត្យឡានពេលតម្លើង ត ផ្សារ តោន ប៉ូលា បាញ់ថ្នាំ និងបញ្ចេញលក់ ជាដើម។

ទីតាំងតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេសនេះគេធ្វើរោងដំបូលស័ង្កសី ពណ៍ឈាមជ្រូក របងបិទជិតទ្វារដែក​បិទស័ង្កសីពណ៍ខៀវ ដោយយករថយន្ត(ខម) និងរថយន្តពន្លត់អគ្គិភ័យអង្គភាពមកចតបាំងពីមុខ ជៀសវាងភ្ញៀវពីខាងក្រៅចូលទៅដឹងពីសកម្មភាពនេះ។ យ៉ាងហោចណាស់ក៏ក្នុង១ខែតម្លើងបាន១០០គ្រឿង ក្នុងនោះតម្លើងរួច១គ្រឿងៗ ត្រូវបង់លុយអោយអ្នកគ្រប់គ្រងនៅក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ចំនួន​៦០០​ដុល្លារ។

ក្រៅពីករណីតម្លើងរថយន្តកាត់ត នៅទីនោះក៏ជាកន្លែងទទួលរក្សាទុករថយន្តទំនើបៗ​អត់ពន្ធនាំចូល ឬអោយអ្នកលក់ អ្នកទិញទៅមើលចចារតថ្លៃគ្នា បញ្ចៀសការបង្ក្រាបណាមួយពីសមត្ថកិច្ចគយ។ ប៉ុន្តែគិតឈ្នួលថ្លៃក្បាលឡានស៊េរីទាបឬខ្ពស់ក្នុងសេវាជាក់ស្តែង និងមានប្រភេទឡានបាឡែន ឡិចសុីល កាមរីហាយព្រីត ហាយឡែនឌ័រ អត់ពន្ធនាំចូល បញ្ឈរដាក់លក់នៅទីនោះដ៏ច្រើនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា ក្រៅពីមានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្ត(កាត់​១កំណាត់) គាត់ក៏មានការយកចិត្តទុកដាក់ប្រើកម្លាំងដើម្បីការពាររថយន្តកុងតឺន័រ រថយន្តស្ទួចដឹករថយន្តកាត់ត ចូលក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ កន្លែងតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេសនេះផងដែរ និងមានទីតាំងរបស់គាត់មួយទៀតនៅផ្ទះ២ល្វែង ទល់មុខ បញ្ជាការដ្ឋាន កងពលតូចលេខ៧០ ក្នុងភូមិចុះពីផ្លូវជាតិលេខ៣​ជិត៥០០ម៉ែត្រ ជាកន្លែងលាក់ទុករថយន្តទំនើបៗគ្មានពន្ធនាំចូល,រថយន្តកាត់ត ទំនើបៗ សម្រាប់ទុកយកទៅតម្លើង និងលក់ចេញ។

ន្លងទៅទីតាំងតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេស ត្រូវបានសមត្ថកិច្ចនិងជំនាញចុះបង្ក្រាបនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយនិងការកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូង ខណះបទល្មើសនេះវាមានហា​និភ័យខ្ពស់ប៉ះពាល់ដល់សុវត្ថិភាពសង្គម ធ្វើអោយអ្នកយកទៅប្រើប្រាស់ ងាយនឺងរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយកត្តា៣ ទី១-កត្តាមនុស្ស ទី២-កត្តាផ្លូវថ្នល់ និងទី៣-កត្តាមធ្យោបាយយានយន្ត ជាពិសេសប្រភេទរថយន្តកាត់ត តម្លើងខុសបទដ្ឋានបច្ចេកទេស មិនត្រឹមត្រូវតាមស្តង់ដារនេះតែម្តង។

អ្នកជំនាញលើកឡើងថា៖ ការនាំចូលរថយន្តកាត់ត ហើយប្តូរទៅជារូបភាពបង់ពន្ធនាំចូល តាមរបៀបគ្រឿងបន្លាស់ គឺមានចេតនាទុច្ចរិត កេងបំបាត់ថវិកាជាតិ តាមរយះឈ្មួញឃុតឃិតគ្នាជាមួយសមត្ថកិច្ចគយ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ អង្គភាព«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា។ ដោយឡែកលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទូរស័ព្ទចូលគ្មានអ្នកទទួល។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទូរស័ព្ទ ក៏នៅក្រៅប្រព័ន្ធសេវា។

លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា មេបញ្ជាការរង កងពលតូចលេខ៧០ បានអោយអង្គភាព«នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទថា៖ ករណីនេះមិនមែនជាកន្លែងទីតាំងខ្ញុំទេ ហើយខ្ញុំក៏អត់ដឹងទៀត ចឹងធានាថាខ្ញុំអត់បានពាក់ព័ន្ធក្នុងរឿងនេះ។

លោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ បានអោយដឹងតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ និយាយអោយត្រង់ទៅ ជាកន្លែងក្មេងៗ កូនចៅទេ ហើយក៏បានឈប់ដំណើរការ៣ខែទៅ។ លោកបន្តថា៖ រាល់ថ្ងៃបើគេនៅដំណើរការទៀត នោះជាការងារក្មេងៗទេ។

លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលបន្ទុក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា៖ បើមានមែន ទីតាំងកន្លែងនោះគឺគ្មានអំណោយផលចុះបង្ក្រាបទេ ព្រោះជាទីតាំងយោធា មិនងាយធ្វើការទេ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អង្គភាព«នគរដ្រេហ្គន»មិនអាចធ្វើការទំនាក់ទំនងបាន នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕​ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print