ភ្នំពេញ ៖ គ្រោះអគ្គិភ័យតែងតែកើតមានជាញឹកញាប់ ជាក់ស្តែងក្នុងរយៈពេល១១ខែ ចុងឆ្នាំ២០១៨នេះ គ្រោះអគ្គិភ័យកើតឡើង៤៣៣លើក លើ៤១២លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ គឺមានការកើនឡើង២១លើក ស្មើនឹង៤,៨៤% ស្លាប់មនុស្ស២១នាក់ , រងរបួសមនុស្ស៧៥នាក់ , ឆេះផ្ទះ៤០៥ខ្នង, ឆេះកុដិលោក២៣ខ្នង, ឆេះរថយន្ត៤៥គ្រឿង , ឆេះម៉ូតូ៤៦គ្រឿង , ឆេះកង់៣៩គ្រឿង, ឆេះប្រាក់រៀល ២,៧៤៩,១៦៨,០០០រៀល , ឆេះប្រាក់ដុល្លារ ៨៦,២១៧,៨៦៥ដុល្លារ , ភ្លើងទានធូប ២៣លើក , មនុស្សដុត២២លើក, ផ្ទុះហ្គេស១០លើក, ក្តាប់មិនបាន ២២លើក ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត លើបញ្ហាគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះក៏មានគ្រោះអគ្គិភ័យផងដែរ ។ គ្រោះអគ្គិភ័យបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះវាធ្វើឲ្យខូចខាត បាត់បង់ទ្រព្យសម្បត្តិ អាយុជីវិត និងបរិស្ថាន ។
ផ្តើមចេញពីបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវលិខិតបទដ្ឋានគតិយុត្តផ្េងៗទៀត ក្នុងការពង្រឹងវិធានការបង្ការ និងពន្លត់អគ្គិភ័យ តាមរយៈជំរុញការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីការបង្ការ និងពន្លត់អគ្គិភ័យតាមគ្រប់រូបភាព ពិសេសតាមរយៈវេទិកាសសាធារណៈ វេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រៀបចំការហ្វឹកហាត់ដល់ក្រុមប្រជាការពារស្ម័គ្រចិត្ត តាមភូមិឃុំក្រុមអគ្គិភ័យកាតព្វកិច្ច តាមបណ្តាស្ថាប័ន និងឯកជន ឲ្យមានសមត្ថភាព ចំណេះដឹង និងមានលទ្ធភាពម្ចាស់ការពន្លត់អគ្គិភ័យគ្ករាដំបូង ៕