សិង្ហបុរីនឹងមានថ្នាក់ដឹកនាំថ្មីវ័យក្មេងនៅពេលខាងមុខ

ចែករំលែក៖

គណបក្សសកម្មភាពប្រជាជន ដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង (Lee Hsien Loong) បានកែទម្រង់នៅក្នុងជួរថ្នាក់ដឹកនាំ ដើម្បីរៀបចំការបោះឆ្នោតក្នុងពេលខាងមុខ។

សារព័ត៌មាន Channel news Asia កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សិង្ហបុរីដែលបានវាយតម្លៃទៅលើសកម្មភាពស្វែងរកអ្នកស្នងតំណែងនាយករដ្ឋមន្ត្រី លី សៀងឡុងដើម្បីបន្តដឹកនាំគណបក្សសកម្មភាពប្រជាជន PAP។ នៅពេលនេះ មានមន្ត្រី៣រូបស្ថិតនៅក្នុងជម្រើសនៃការស្នងតំណែងនោះ។

ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម Chan Chun Sing អាយុ៤៩ឆ្នាំ។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ Heng SweeKeatអាយុ៥៧ឆ្នាំ និងរដ្ឋមន្ត្រីក្រសួងអបរំ លោក Ong Ye Kung អាយុ៤៨ឆ្នាំ។ រដ្ឋមន្ត្រីទាំង៣រូបនេះ គឺបានបោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃគណបក្ស PAP នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលជាគណបក្សកាន់អំណាច ដឹកនាំសិង្ហបុរីតាំងពីឆ្នាំ១៩៥៩ មកទល់ពេលនេះ។

ការដែលក្លាយទៅជាគណៈកម្មាធិការមជ្ឈិម គឺមានសិទ្ធិក្លាយជាបេក្ខភាពនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រសិនបើគណបក្ស PAP នៅតែបន្តយកឈ្នះនៅក្នុងការបោះឆ្នោតទៀតនោះ។ នៅពេលនោះជម្រើសនៅក្នុងការដឹកនាំប្រទេសសិង្ហបុរីជាបន្តទៀត គឺការបោះឆ្នោតនៅក្នុងចំណោមមន្រ្តីទាំង៣រូប ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

មន្ត្រីជាន់ខ្ពស់ទំាង៣រូប បានចូលប្រឡូកក្នុងឆាកនយោបាយនាឆ្នាំ២០០០ដូចគ្នា ហើយត្រូវបានដាក់ចូលក្នុងជំនាន់ដឹកនាំ 4G របស់សិង្ហបុរី បន្ទាប់ពីជំនាន់មុន ដែលមានលោក លី ក្វាងយូ, ហ្គោ ចុក តុង និង លី សៀងឡុង។

គណបក្ស PAP កាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង ព្រមទាំងមន្ត្រីជាន់ខ្ពស់២រូបទៀតនៅក្នុងជួរគណៈកម្មាធិការជាន់ខ្ពស់ មានឧបនាយករដ្ឋមន្ត្រី Tharman Shanmugaratnam អាយុ៦១ឆ្នាំ និងលោក Teo Chee Hean អាយុ៦៣ឆ្នាំបានសម្រេចចូលនិវត្តន៍ ចាកចេញពីគណៈកម្មធិការជាន់ខ្ពស់ ដឹកនាំប្រទេសប្រគល់ជូនជំនាន់ក្រោយបន្តវេន។

សារព័ត៌មាន The Straits Times បានផ្សាយថា នាយករដ្ឋមន្ត្រីសិង្ហបុរីបានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០១៩ខាងមុខ។ បើទោះបីគណបក្ស PAP ដឹកនាំសិង្ហបុរីរាប់សិបឆ្នាំកន្លងមកក្តី ប៉ុន្តែគណបក្សនេះក៏រងការរិះគន់ជាច្រើនផងដែរ ក្នុងនោះមានគម្លាតអ្នកមាន និងអ្នកក្រ តម្លៃផ្ទះឡើងថ្លៃខ្ពស់ និងបញ្ហាជនអន្តោប្រវេសន៍ជាដើម៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print