ខេត្តបន្ទាយមានជ័យ ៖ កម្មការិនី ជួសជុលផ្លូវថ្នល់ម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្វើការហត់ទៅអង្គុយជ្រកម្លប់នៅមុខកង់រ៉ូឡូកិនថ្នល់ ហើយគ្រាដែលអ្នកបើករ៉ូឡូកិនថ្នល់មកពីជុះនោមវិញមិនដឹងក៏បើករ៉ូឡូទៅមុខបណ្តាលឲ្យកិនកម្មការិនីទាំងកំរោលតែម្តង។
ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀល ថ្ងៃពុធ ៧ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះសាងសង់តាមគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៥ ។
មន្រ្តីនគរបាល ក្រុង សិរីសោភ័ណ បានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះវ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ជាកម្មការិនីធ្វើផ្លូវនៅចំណុចខាងលើ ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះត្រូវបានរ៉ូឡូកិនថ្នល់ កិនស្លាប់ ភ្លាមៗ ខណ:ដែលមានមេឃក្តៅអ្នកបើករ៉ូឡូឈប់ទៅបត់ជើងតូចដោយមិនពន្លត់ម៉ាស៊ីនរ៉ូឡូ ហើយពេលឃើញរឺឡូឈប់ស្ងៀមយ៉ាងនេះ ជនរងគ្រោះក៏មកអង្គុយជ្រកកម្តៅថ្ងៃដោយផ្អែកខ្នងនឹងកង់រឺឡូ លុះពេលអ្នកបើកបររ៉ូឡូមកពីបត់ជើងតូចវិញមិនចាប់អារម្មណ៍ ក៏បើកបន្តទៅមុខទើបកិនជនរងគ្រោះស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចទៅដល់បានឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណនិងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕