ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថាច់ សួ ភេទប្រុសអាយុ៤៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំនុចផ្ទះលេខ នៅភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ នៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដោយមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់ដី ហើយមុនពេលកើតហេតុជនរងគ្រោះបានស្ទុះទៅវៃជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តងទៅ នេះបើតាមការសារភាពរបស់ជនសង្ស័យ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យនឹងរងគ្រោះបានផឹកសីុជាមួយគ្នានៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃស ហើយពេលផឹកស្រវឹងក៏បានទាស់សម្តីគ្នាតិចតួចរឿងរកសីុដីធ្លី រហូតដល់ម៉ោង១១យប់ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះរងគ្រោះ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវជនសង្ស័យក៏ស្ទាក់យកកូនកាបិតចាក់ទៅលើជនរងគ្រោះចំនួនបីកាំបិតបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ករណីនេះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ជឹម សីុថា បានដាក់កម្លាំងតាមគោលដៅដើម្បីស្វែងរកចាប់ខ្លួនឃាតករ ដោយមិនដល់២ថ្ងៃផងកម្លាំងសមត្ថកិច្ចក៏តាមក្របួចឃាតករនោះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗដើម្បីបន្តនិតីវិធីទៀត៕ដោយ៖ ភារ៉ា ដង្កោ