អធិការក្រុងដូនកែវ វាយប្រពន្ធទ្រមខ្លួន ដើម្បីបង្អួតស្រីស្នេហ៍

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ឆាយ សាវុធ អធិ ការនគរបាលក្រុងដូនកែវ និងកំពុងត្រៀមខ្លួនឡើងតំណែងជាស្នងការរងនគរបាលខេត្តតាកែវផងនោះបានប្រើអំពើហិង្សាដាក់ប្រពន្ធខ្លួនឯងយ៉ាងចាស់ដៃ ខណៈដែល តាមទាន់ខ្លួនលួចទៅជួបស្រីស្នេហ៍ទាំង កណ្តាលយប់ក្នុងក្រុងដូនកែវ ។

ហេតុការណ៍ហិង្សានេះបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុង ដូនកែវ ខណៈដែលលោក ឆាយ សាវុធ ដែល ជាជនដៃដល់ស្រវឹងជោកជាំក្នុងកម្មវិធីជប់លៀងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តតាកែវ ហើយឆ្លៀតទៅជួបស្រីស្នេហ៍ក្រោយពីចប់កម្មវិធីក៏ត្រូវប្រពន្ធតាមទាន់ទើបកើតការឈ្លោះក្រកែករហូតបង្កជាអំពើហិង្សាដាក់ប្រពន្ធយ៉ាង ចាស់ដៃបែបនេះតែម្តងទៅ ។

លោក សួន ផុន ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថាករណីនេះជា បទល្មើសព្រហ្មទណ្ឌតែដោយសារគ្មានពាក្យបណ្តឹងពីជនរងគ្រោះជំនាញលោកមិនអាចចាត់ការបានទេ ម្យ៉ាងទៀតជនបង្កជាមនុស្សមានបុណ្យសក្តិខ្ពស់ផងនោះដូច្នេះមានតែព្រះរាជអាជ្ញាទេទើបមានសិទ្ធិចាត់ការតាមនីតិវិធី ។

បើយោងតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ទៀតថាលោកឆាយ សាវុធ គឺជា មនុស្សមានឥទ្ធិពលខ្លាំងណាស់ហើយលោកក៏ជាកូនប្រសាមេឆ្នោតខុសច្បាប់ដ៏ល្បីល្បាញខាងចាក់ត្រូវលេខធំរាប់ម៉ឺន ដុល្លារមិនសងកូនពេញស្រុកត្រាំកក់។

ជុំវិញករណីនេះដែរមហាជននៅរង់ចាំមើលថា តើលោក ឆាយ សាវុធ អធិការនគរ បាលក្រុងដូនកែងដែលកំពុងត្រៀមខ្លួនឡើងជាស្នងការរងខេត្តផងនោះត្រូវបាន ច្បាប់ចាត់ការដែរឬទេ?ស្របពេលដែលលោកជាមនុស្សដែលទទួលបានការទុក ចិត្តពីថ្នាក់លើដំឡើងតួនាទី ដើម្បីបម្រើ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងធ្វើជាគំរូល្អតែបែរជា មកប្រព្រឹត្តអំពើថោកទាបដាក់ប្រពន្ធខ្លួនឯងយ៉ាងចាស់ដៃដោយសារស្រីស្នេហ៍ទៅវិញ ។

ចំណែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកម្ចាស់ Account Pouv Sopheap ដែល គេដឹងថា ជាប្រពន្ធអធិការក្រុងដូនកែវ លោក ឆាយ សាវុធ បានសរសេររៀបរាប់ថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ប្តីរបស់ខ្លួន បានបញ្ចេញ ស្នាដៃរបស់ខ្លួនអួតស្រីស្នេហ៍ ដោយលើក ដៃវ៉ៃប្រពន្ធ ដែលតាមទាន់។ អ្នកស្រីក៏បានស្នើឲ្យមិត្តភក្តិនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជួយចែករំលែក «Share» តៗគ្នាផងដែរ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ Account Facebook Pouv Sopheap លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ ខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សាលើប្រពន្ធពិតប្រាកដមែនដោយលោកបានទះនាងមួយកំផ្លៀងហើយមូលហេតុនៃការប្រើអំពើ ហិង្សានេះគឺបណ្ដាលមកពីប្រពន្ធរបស់លោកបានបើករថយន្តបុករថយន្តរបស់ លោកឲ្យខូចខាតគូទខាងក្រោយ ។

តែទោះជាយ៉ាងណាលោកអធិការក្រុងដូនកែវ ក៏បានអះអាងថា នេះជារឿង គ្រួសារផ្ទាល់ខ្លួនរបស់លោកហើយលោកនឹងធ្វើការដោះស្រាយគ្នា ក្នុងរង្វង់គ្រូសារមិនឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀតនោះទេ។
បើយោងតាមការ Comment នៅលើ ការបង្ហោះនោះ មិត្តភក្តិមួយចំនួននៅក្នុងហ្វេសប៊ុកបាននាំគ្នារិះគន់លោកអធិការ ក្រុងដូនកែវ យ៉ាងចាស់ដៃដោយមិនគួរណាដាច់ចិត្តលើកដៃវ៉ៃប្រពន្ធនោះទេ។ ដោយឡែកមិត្តភក្តិខ្លះទៀតក៏បានលើកឡើងថា មិនគួរណាបង្ហោះរឿងគ្រួសារដែលឈ្លោះគ្នាតិចតួចនោះទេមានការអីជជែកគ្នាវិញ ប្រសើរជាងយកមកបង្ហោះឲ្យគេ ដឹងឮរឿងគ្រួសារផ្ទាល់ខ្លួនបែបនេះ ។

ក្នុងករណីនេះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញបទបញ្ជាឲ្យផ្អាកការងារអធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ គឺលោក ឆាយ សាវុធ ជាបណ្តោះ អាសន្ន ដោយជាប់ពាក់ព័ន្ធការប្រើហិង្សាទៅលើភរិយារបស់ខ្លួន ។

មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរ បាលជាតិបានថ្លែងថា «នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាទៅកាន់ស្នងការ នគរបាលខេត្តតាកែវ ចាត់វិធានការផ្អាក ការងារមន្ត្រីអធិការនគរបាលក្រុងដូនកែវ លោក ឆាយ សាវុធ ក្រោយហេតុការណ៍ប្រើអំពើហិង្សាវាយដំមកលើភរិយារបស់ ខ្លួន»។
ក្រោយការបង្ហោះរូបភាពអគ្គស្នងការ នគរបាលជាតិ បានប្រញាប់ដាក់បញ្ជា៣ ចំណុចទៅស្នងការ នគរបាលខេត្តតាកែវ។ បទបញ្ជាទាំង៣ រួមមាន ៖

*ទី១៖ សូមផ្អាកការងារអធិការនគរ បាលរូបនេះសិន ដើម្បីធ្វើការស៊ើបអង្កេត
*ទី២៖ ពិនិត្យអង្គហេតុនិងធ្វើការសម្រុះសម្រួលជាមួយនឹងក្រុមគ្រួសារ។ បើសិន ជាសម្របសម្រួលមិនបានទេត្រូវកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ
*ទី៣៖ ត្រូវអនុវត្តវិន័យកងកម្លាំងនគរបាលដោយចេញលិខិតព្រមានផ្អាកការងារ អធិការនគរបាលរួបនេះ៕ ហេង សូរិយា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print