ភ្នំពេញ ៖ តារាចម្រៀងលោក ខេមរៈ សិរីមន្ត និងអតីតតារាកំប្លែងនាងឃ្លោកបានជំរុញឲ្យប្រជាជនកម្ពុជាបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ តាមរយៈការស្វែងយល់ និងបញ្ជ្រាបសារនានាជំវិញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការចម្លងជំងឺអេដស៍។ សិល្បករទាំងពីក៏បានស្នើដល់សិល្បករ ជាតារាចម្រៀង តារាសម្តែង និងពិធីករ ជួយជំរុញសកម្មភាពផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពដល់ទស្សនិកជន។
ក្នុងនាមជារដ្ឋទូតសុច្ឆន្ទអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍សោកស្តាយ និងខ្លោចចិត្តអាណិតដល់អ្នកផ្ទុកជំងឺអេដស៍ដ៏កាចសាហាវ។ អ្វីដែលកាន់តែជាបន្ទុកសម្រាប់សង្គមគឺការបន្សល់ទុកនូវក្មេងកំព្រាខ្វះការថែទាំពីឪពុកម្តាយ។
លោកក៏បានស្នើដល់យុវជនកុំឆាប់ប្រឡូកនឹងរួមភេទ និងចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសផុតពីការឆ្លងជំងឺអេដស៍ដែលនឹងវាអាចនឹងជះឥទ្ធិពលមិនល្អសម្រាប់ជិវិត។ ជាមួយគ្នានេះលោកក៏ស្នើដល់សិល្បករទាំងអស់មេត្តាចូលរួមបញ្ចេញសារនានាឲ្យបានទូលំទូលាយដែលជំរុញលើកទឹកចិត្តអ្នកផ្ទុកជំងឺអេដស៍និងចូលរួមផ្សព្វ ផ្សាយឲ្យបានច្រើនក្នុងន័យចូលរួមបំបាត់ការចម្លងមេរោគអេដស៍នៅពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះលោកក៏បានប្រកាសពីការចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨ផងដែរ។
អតីតតារាកំប្លែង នាយ ឃ្លោក បានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានចូលរួមផ្សព្វផ្សាយអំពីការចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺអេដស៍នេះផងដែរ។ លោកថាតាមតួលេខអត្រាឆ្លងនៅលើពិភពលោកប្រចាំឆ្នាំមានប្រមាណជាងមួយលាននាក់ ស្របពេលដែលកម្ពុជានៅតែមានអ្នកឆ្លងជំងឺនេះប្រមាណជាង៥០០នាក់កាលពីឆ្នាំ២០១៧ ។
លោកថាកន្លងមកលោកធ្លាប់បានចូលរួមតាមរយការផ្សព្វផ្សាយតាមវិទ្យុផ្ទាល់របស់លោក រួមទាំងសកម្មភាពនានាផងដែរ។ លោកក៏បានបញ្ចេញសារមួយថា”សូមកុំឲ្យថ្ងៃអាពាហ៍ពិពាហ៍ក្លាយជាទិវាចម្លងជំងឺអេដស៍ត្រូវពិនិត្យ និងសង្កេតរកមេរោគអេដស៍មុនថ្ងៃរៀបការ” ហើយសូមចងចាំថាជំងឺអេដស៍អាចមានគ្រប់ទីកន្លែងមិនមានតែនៅទីក្រុងទីប្រជុំជននោះទេ ៕ ដោយ វឌ្ឍនា